ថវិកាចំនួន៣៥,០០០ដុល្លារ ត្រូវបានក្រុមហ៊ុនចិនចំនួន៣ ផ្តល់ដល់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីជាវម៉ាស៊ីនលាងឈាមចល័ត

(ភ្នំពេញ)៖ក្រុមហ៊ុនចិនចំនួន៣ បានបរិច្ចាកថវិកាចំនួន៣៥,០០០ដុល្លារសហរដ្ឋអាមេរិក ដល់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ប្រធានមូលនិធិមុទិតា ដើម្បីទិញម៉ាស៊ីនលាងឈាមចល័ត CRRT មួយគ្រឿងឧបត្ថម្ភដល់មន្ទីរពេទ្យព្រះកេតុមាលា។
ដើម្បីឆ្លើយតបទៅតាមសេចក្ដីអំពាវនាវការឧបត្ថម្ភរបស់មូលនិធិមុទិតាទៅកាន់សប្បុរសជននានា នៅវេលាព្រឹកថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ប្រធានមូលនិធិមុទិតា បានសព្វព្រះហឫទ័យ ប្រោសប្រទានអោយគណៈប្រតិភូចំនួន៣ក្រុមរួមមាន ក្រុមហ៊ុន Vinton Group Co.,Ltd ,ធនាគារប្រទេសចិនសាខារាជធានីភ្នំពេញ (Bank of China) និងក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co.,Ltd ចូលក្រាបថ្វាយបង្គំគាល់ថ្វាយដង្វាយជាថវិកាចំនួន ៣៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការជាវម៉ាស៊ីនលាងឈាមចល័ត CRRT ជូនមន្ទីរពេទ្យព្រះកេតុមាលាទៅតាមសំណើ ដើម្បីតម្កល់ទុកប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់លាងឈាមជូនដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ។

ក្នុងឱកាសនោះសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងនាមមូលនិធិមុទិតា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំង៣ក្រុមហ៊ុនខាងលើ ដែលបានជួយចូលរួមឧបត្ថម្ភថវិកាដល់មូលនិធិ ដើម្បីជាវម៉ាស៊ីនលាងឈាមចល័តជូនមន្ទីរពេទ្យព្រះកេតុមាលា ៕ ដោយ៖ ភក្តី(Micheal)