ប្រព័ន្ធអនុគ្រោះពន្ធរបស់ឥណ្ឌា ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងជាលំដាប់

(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធរបស់ឥណ្ឌា ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងជាលំដាប់ ក្នុងនោះនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតែ២០៥លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយពីទទួលបានការអនុគ្រោះពន្ធ ទំហំពាណិជ្ជកម្មបានឡើងដល់ជាង២៥០ លានដុល្លារ។
ការលើកឡើងរបស់លោក កុយ គួង បានធ្វើឡើងក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ខណៈដែលលោកស្រី បានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីចប់អាណត្តិបេសកកម្មការទូត
នៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកថ្លែងថា ឥណ្ឌាក៏ជាប្រទេសមួយ ដែលបានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាផងដែរ ដែលធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់។ ពីព្រោះនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតែ២០៥លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែក្រោយពីទទួលបានការអនុគ្រោះពន្ធ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឡើងដល់ជាង២៥០ លានដុល្លារ។ ដោយឡែកវិស័យទេសចរណ៍ ក៏បានកើនឡើងផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយមកដល់ឆ្នាំ២០១៩ ឡើងដល់៧៥០០០នាក់ ។
ទាក់ទងបញ្ហាទេសចរណ៍នេះ លោក កុយ គួង ឲ្យដឹងថា ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដើម្បីឱ្យមានការហោះហើរត្រង់ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជាផងដែរ ដើម្បីធ្វើឲ្យវិស័យនេះមានការកើនឡើងបន្ថែមទៀត។ លោកបញ្ជាក់ថា ការពិភាក្សាគ្នា ដើម្បីឱ្យមានការហោះហើរត្រង់នេះ គឺជាការចាប់ផ្តើមមួយ ដែលលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏ដូចជាឯកភាគរដ្ឋទូតឥណ្ឌា បានគិតគូអំពីការពង្រីកវិស័យទេសចរណ៍ ក៏ដូចជាជំនួញរវាងប្រទេសទាំងពីរ ពីព្រោះវិស័យទេសចរណ៍ មុននឹងការរីករាលដាលនៃជំងឺកូវិដ-១៩ មានការរីកចម្រើន ដែលនៅឆ្នាំ២០១៨ មានចំនួនជាង៦ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយឆ្នាំ២០១៩ មាន៧៥០០០០នាក់ ដូច្នេះភាគីទាំងពីរបានគិតគូរពង្រីកវិស័យទេសចរណ៍នេះបានកើនឡើងបន្ថែមទៀត។
លោក កុយ គួង បានអះអាងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌា ក្រៅពីវិស័យខាងលើនេះ ក៏មានផ្នែកយោធាផងដែរ ជាពិសេសផ្នែកបណ្ដុះបណ្ដាល ការដោះមីន ដែលឥណ្ឌាបានផ្ដល់ទាំងជំនួយបច្ចេកទេស និងសម្ភារៈក្នុងការបោសសម្អាតមីន។ លោកបន្តថា នៅក្នុងក្របខណ្ឌទ្វេភាគីនេះ កម្ពុជា និងឥណ្ឌា មានកិច្ចព្រមព្រៀងជាច្រើនទៀត ដែលបានចុះហត្ថលេខានៅពេលកន្លងមក ដែលមានដូចជាវិស័យទេសចរណ៍ វប្បធម៌ និងផ្លូវច្បាប់ជាដើមហើយកម្ពុជា និងឥណ្ឌា ក៏បានក្រុមចុះហត្ថលេខាលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមួយចំនួនបន្ថែមទៀតផងដែរ។
ជាការឆ្លើយតបលោកស្រី Manika Jain បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រធ្វើឲ្យលោកស្រីបានបំពេញបេសកម្មទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានសរសើរដល់រដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមន្ត្រីស្ថានទូតដូចជាប្រជាជនឥណ្ឌា ដែលរស់នៅប្រទេសកម្ពុជា មានសុវត្ថិភាពក្នុងការធ្វើដំណើរ រស់នៅ និងប្រកបការងារ ឬធ្វើវិនយោគ ដោយមិនមានការបារម្ភ ហើយថា បច្ចុប្បន្នឥណ្ឌា បាននិងកំពុងខិតខំរិះរក និងបង្កើតវ៉ាក់សាំង ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានរកឃើញមែន នឹងផ្ដល់ទៅដល់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះភាពជោគជ័យ នៃបេសកកម្មកាទូតរបស់លោកស្រី Manika Jain នៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ហើយក៏បានខិតខំធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនថែមទៀតផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនឥណ្ឌា ដែលបានធ្វើការគាំទ្រ និងផ្ដល់ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅប្រទេសកម្ពុជា៕ ដោយ៖ ភក្តី(Micheal)