មានរឿងអី! ដេវីដ ទម្លាយសារឌឺដង បើខ្លួនមិនគន្លងធម៌ មិនអាចឈរជើងលើវិថីសិល្បៈ មកដល់ពេលនេះទេ

(ភ្នំពេញ)៖ តារាចម្រៀងរ៉េប លោក ជី ដេវីដ មិនដឹងមានបញ្ហាអ្វីទេ ស្រាប់តែសុខៗបានទម្លាយសារមួយ យ៉ាងចាក់ដោតដល់បេះដូង ឌឺដងដាក់មនុស្សមួយចំនួន​ ដែលវាយប្រហារទៅលើលោក មិនតែប៉ុណ្ណោះថែមទាំងបញ្ជាក់ទៅអ្នករិះគន់លោកថា បើលោកមិនដោយគន្លងធម៌ លោកមិនអាចឈរជើងលើវិថីសិល្បៈ ជោគជ័យមកដល់ពេលនេះនោះទេ។

ជាការពិតសម្រាប់ជីវិត ជាអ្នកសិល្បៈរបស់ តារាចម្រៀង លោក ជី ដេវីដ ទម្រាំតែបានជោគជ័យមានឈ្មោះបោះសំឡេង មកដល់ពេលនេះ គឺបានឆ្លងកាត់ឧបសគ្គ ការរិះគន់ និងវាយប្រហារច្រើនណាស់ ហើយជានិច្ចកាល លោកតែងតែរំលេចពីភាពហ៊ឺហារ ឡូយឆាយ ទិញគ្រឿងពេជ្រ ទិញរថយន្តសេរីទំនើបជាហូរហែរ ហើយតែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយគូស្នេហ៍គឺកញ្ញា ទេព បូព្រឹក្ស ហើយជារឿយៗមិនថាលោកធ្វើអ្វី រមែងតែងតែមានការវាយប្រហារជាហូហែរ មិនដាច់ទេ។

តួយ៉ាងថ្មីៗនេះ លោក ដេវីដ បានរំលេចសារមួយក្នុងន័យឌឺដងថា “រឿងមានច្រើនកើតឡើងនៅលើលោកនេះ រឿងខ្លះក៏កើតហើយរលត់ទៅវិញ ដោយការចងចាំល្អ តែរឿងខ្លះក៏កើតហើយរលត់ទៅវិញ តែរូបភាពហើយបន្សល់ ការចងចាំអាក្រក់អោយនៅដិតដាម ខ្ញុំនៅតែមានជំនឿជឿថាផែនដីវាមូល ម្តងគេម្តងយើងមិនថា អ្នកឋិតនៅចំណុចណាតំបន់ណា អ្នកគួរតែចាំថា មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង សាងអីបានហ្នឹង ។ រាល់ទង្វើដែលខ្ញុំសាងកន្លងមកបើមិនគន្លងដោយធម៌ក៏ខ្ញុំមិនអាចឈរជើងបានបែបនេះឡើយ តែសម្រាប់អ្នកដែលតាំងថាខ្លួន អស្ចារ្យ ធំជាងគេក្នុងលោក គ្មានគូរប្រជែង តែឥឡូវនេះលទ្ធផលក៏បាន បើកឃើញខ្លះហើយដែរ  ពាក្យចាស់ក៏ធ្លាប់ពោលក៏ធ្លាប់ប្រដៅ ទឹកត្រជាក់ត្រីគង់ គេថាបើយើងរស់នឹងលក់បាយ សូមកុំមើលងាយបាយ បើយើងរស់នឹងសិល្បៈ ដូច្នោះសូមយើងកុំមើលងាយ តួ កុំមើលងាយអ្នកចម្រៀង ។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ ខ្ញុំក៏បានតាំងចិត្តរួចរាល់ និងរបស់ទប់លំនឹងមួយចំនួនទៀត ដើម្បីហ្គេមមួយនេះ ដូច្នោះបើកើតទុក្ខមិនសុខចិត្ត សុំអញ្ជើញតាមការគួរ”។

ការបង្ហាញសារបែបនេះរបស់ លោក ដេវីដ មិនបានបញ្ជាក់ច្បាស់ថា​ ចង់ផ្លែផ្កាឲ្យទៅបុគ្គលណាច្បាស់ឡើយ គ្រាន់តែមានចេតនាចង់បង្ហោះសារឌឺដងដាក់បុគ្គលមួយចំនួនតែប៉ុណ្ណោះ៕ (ដោយ៖ ពិជ័យបុត្រ)