បុព្វហេតុនៃការកសាងប្រាសាទព្រះខ័ន ដែលកូនខ្មែរគួរដឹង…

ប្រាសាទព្រះខ័ន បច្ចុប្បន្ននេះឋិតនៅខេត្តសៀមរាប ដែលជាទីអារាម ដ៏ធំមួយក្នុងព្រះពុទ្ធសាសនាមហាយាន កសាងដោយ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ.ស១១៩១ នៅលើទំហំដីចំនួន៥៦ហិចតា គឺមានបណ្តោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។

ប្រាសាទព្រះខ័ន គឺជាការឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធមហាកុសល ព្រះបិតា របស់ ព្រះបាទបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គមានជំនឿ ខាងព្រះពុទ្ធសាសនាមហាយាន។ នេះគឺជា កិច្ចតបស្នងសងគុណព្រះបិតា ព្រមទំាងមានការលើកតម្កើង ប្រកបដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទៀតផង។ ជាពិសេស ព្រះបាទជ័យវរ្ម័នទី៧បានចារឹកនូវអក្សរក្នុងសិលាចារឹកយ៉ាងច្បាស់លាស់កាលពី គ.ស១១៩១ដោយបញ្ជាក់ថា ការគោរពសក្ការៈ ព្រះពោធិសត្វលោកេស្វរៈមួយអង្គព្រះនាម ” បរមជ័យស្វរៈ ” នៅប្រាសាទព្រះខ័ននេះទុកដូចជា ការគោរពបូជាព្រះបិតារបស់ព្រះអង្គដែរ។ មានន័យថា ព្រះបាទជ័យវរ្ម័នទី៧ បានចាត់ទុកជាប្រាសាទព្រះខ័ន ដែលជាទីអារាមនោះជាវិមាន​ដ៏ក្សេមក្សាន្តប្រកបដោយ អម្រឹតជាតិនៃពុទ្ធឱវាទ ដែលជាការគង់ប្រថាប់ នៃព្រះវិញ្ញាណក្ខ័ន្ធ ព្រះបិតារបស់ព្រះអង្គ។ ជាពិសេស ព្រះវិញ្ញាក្ខ័ន្ធ របស់ព្រះបិតារបស់ព្រះអង្គបានជួប នឹងព្រះ និងបានប្រទះនឹងធម៌។ ឯអ្វីដែលជាការកត់សំគាល់ នោះគឺ បុញ្ញកុសល ប្រកបដោយកតញ្ញូតាធម៌ ដ៌ជ្រាលជ្រៅ របស់ព្រះបាទជ័យវរ្ម័នទី៧បានចាត់ទុក តំណាងនៃបដិមាព្រះពោធិសត្វលោកេស្វរៈ ដ៏ចម្បងនៅទីនោះហាក់ដូចជារូបស្នងអង្គនៃព្រះបិតារបស់ព្រះអង្គយ៉ាងនោះដែរ។

ម្យ៉ាងទៀត តាមរយៈឯកសារ ប្រវត្តិសាស្រ្តរបស់លោក ហ្ស៊កសឺដែលបានបញ្ជាក់ថាៈ ប្រាសាទសមជាឈ្មោះថាព្រះខ័នពិតមែន ថ្វីដ្បិតតែមានឈ្មោះថ្មី ថាព្រះខ័នដែលគេនិយមហៅថា ព្រះខ័នរាជ្យ។ គឺព្រះខ័នរាជ្យ នេះហើយដែលជានិមិត្តរូបនៃអំណាច របស់ព្រះមហាក្សត្រក្នុងការប្រយុទ្ធដោះស្រាយ បញ្ហាចំពោះមុខដើម្បីអោយបានជោគជ័យ។ ទន្ទឹមនេះដែរ តាមរយៈឯកសារតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក កែវ ភួង ទំព័រ១៤៦បានបញ្ជាក់ថា ទីកន្លែងសំណង់ប្រាសាទេព្រះខ័ននេះជាទីសមរភូមិ ចុងក្រោយព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំចាមបានសម្រេចជោគជ័យ។ គឺជានេះហើយដែលជាទឹកដី ដែលមានអំណាចដ៨ស័ក្តិសិទ្ធ ទើបគេអាចសន្និដ្ឋានថា ការសាងសង់ប្រាសាទនេះ ស័ក្តិសិទ្ធិ ទើបគេអាចសន្និដ្ឋានថា ការសាងសង់ប្រាសាទនេះ ស័ក្តិសម នឹងឈ្មោះថាប្រាសាទព្រះខ័ន ដែលបន្តមកពីឈ្មោះដើមថា ក្រុងជ័យស្រី។ បើយើងគិតពីឈ្មោះ ថាប្រាសាទ ជ័យស្រីនោះក៏មានន័យថា ជាជោគជ័យ និងសេរីសួស្តី ពិតប្រាកដ។

ប្រការដែលមជ្ឈដ្ឋាន អ្នកប្រវត្តិសាស្រ្ត ជាច្រើនបានផ្សព្វផ្សាយជាទូទៅនោះគឺ មជ្ឈមណ្ឌលនៃប្រាសាទព្រះខ័ន ជាការសិក្សា កម្រិតឧត្តមសិក្សានៅសម័យ អង្គរដែលមានឈ្មោះថា មហាវិទ្យាល័យ ” ជ័យស្រី ” ។ បានសេចក្តីថា នៅសម័យអង្គរមានកម្រិតនៃការសិក្សា របស់យុវជន និងនិស្សិត ដល់ថ្នាក់ឧត្តមសិក្សា ក្នុងមជ្ឈមណ្ឌលសិក្សា ផ្នែកមហាវិទ្យាល័យ ឬសកលវិទ្យាល័យដូចសម័យបច្ចុប្បន្ននេះដែរ។ កប្បីបញ្ជាក់ថា កម្រិតសិក្សាផ្នែក មហាវិទ្យាល័យ នៅសម័យអង្គរមាន២ កន្លែង គឈរាជវិហារ (ប្រាសាទតាព្រហ្ម) និងជ័យស្រីប្រាទព្រះខ័ន។

ដូចនេះនៅសម័យអង្គរ ក្នុងរជ្ជកាលរជ្ជកាលព្រះបាទជ័យ វរ្ម័នទី៧ គេឃើញវិស័យនៃការសិក្សា អប់រំឡើងដល់កំពូលគឺ មានលក្ខណៈប្រហាក់ប្រហែល និងវិស័យអប់រំសម័យបច្ចុប្បន្ននេះដែរ ដែលមាន មហាវិទ្យាល័យ និងមានបញ្ញាវន្តថ្នាក់បណ្ឌិតទៀតផង។ ជាក់ស្តែងដូចប្រាសាទព្រះខ័នដូចបានរៀបរាប់ខាងលើនេះ គឺជាមជ្ឈមណ្ឌលសិក្សាដ៏រីកចំរើន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹងស្របតាមការនិយម ឬជាតម្រូវការទីផ្សារ នាសម័យអង្គរពិតប្រាកដ៕

“អត្ថបទដោយ លី ហាក់សេង” “រូបភាពដោយ Khmer Empire”៖ ភូមិន្ទ