ម្ចាស់រហស្សនាម អច្ឆរិយៈកម្ពុជា ត្រឡប់មកជាថ្មីដើម្បីប​ង្ហាញពីគន្លឹះនៃការចងចាំ

លោក ហុង ភារិន និស្សិតខ្មែរដែលមានការចងចាំខ្ពស់ទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអន្តរជាតិ បានត្រឡប់មកជាថ្មីហើយ នោះគឺជាការចែករំលែកចំណេះដឹងបង្ហាញពីគន្លឹះនៃការចងចាំបានល្អរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ និស្សិតឆ្នើមរូបនេះបានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកញ្ញា ២០២០ នេះលោកនឹងចុះទៅធ្វើកម្មវិធីចែករំលែកចំណេះដឹងតាមវិទ្យាល័យទាំង ៣ ក្នុងស្រុកចំការលើ ហើយថ្ងៃទី០៣​ ខែតុលា​ ២០២០ លោកនឹងចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹងនៃការចងចាំ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ (PPIU)។ លោកក៏បានបញ្ជាក់ដែរថា កម្មវិធីនេះនឹងស្វាគមន៍អ្នកចូលរួមដោយឥតគិតថ្លៃ។

សូមរំលឹកថានិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលបានសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ ខេត្តឆ័យភូមិ ប្រទេសថៃ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ដែលបានបង្ហាញនៅក្នុងកម្មវិធី SUPER 100 រហូតទទួលបានរហស្សនាមជា អច្ឆរិយៈកម្ពុជាពីកម្មវិធីនោះតែម្ដង៕

ដោយ៖ ភូមិន្ទ