តុលាការបង្គាប់ឲ្យចាប់ និងឃុំខ្លួនប្រធានមន្ទីរសភាពាណិជ្ជកម្មខេត្តកែប កំពត និងតាកែវ ព្រមទាំងកូនប្រុស ពាក់ព័ន្ធបទល្មើសឆបោក

(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចាប់ខ្លួន និងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានមន្ទីរសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុសពាក់ព័ន្ធបទល្មើសឆបោកប្រាក់អ្នកដទៃចំនួន១៥,០០០ដុល្លារអាមេរិក នេះបើយោងតាមឯកសារ ដែលទើបទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ក្នុងដីកានោះចៅក្រមជំនុំជម្រះ ម៉ៅ ស៊ីណា បានបញ្ជាក់ថា លោក ហាក់ សុវណ្ណា អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦១ ផ្លូវ៥០BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគេចខ្លួន បន្ទាប់ពីប្រព្រឹត្តបទល្មើស ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន២ឆ្នាំ ដោយកំបាំងមុខ។

ដីកាបង្គាប់នេះ ធ្វើឡើងក្រោយពីតុលាការ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសសាលក្រមកំបាំងមុខមួយ ដោយសម្រេចផ្តន្តាទោស លោកឧកញ៉ា ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះ ហាក់ ឈុនឌី ដាក់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និង បង្គាប់អោយសងប្រាក់ចំនួន៦០លានរៀល ទៅដើមបណ្តឹង ពីបទ”ឆបោក” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

លោក ស៊ុន សេងហ៊ាង ដែលជាដើមបណ្តឹងធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ហាក់ សុវណ្ណា បានអះអាងថា កាស៊ីណូឈ្មោះ SOI DAI VAS មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅភូមិតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់ខ្លួន និងបើកដំណើរការយ៉ាងយូរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ដោយអោយឈ្មោះ ហាក់ ឈុនឌី ជាកូនប្រុសជាអ្នកមើលការខុសត្រូវកាស៊ីណូនេះ ។ 

ដើមបណ្តឹងបន្តថា ដោយជឿជាក់លើការអះអាងរបស់ឈ្មោះ ហាក់ សុវណ្ណា ទើបគាត់បានប្រគល់ប្រាក់ចំនួន១៥,០០០ដុល្លារអាមេរិក អោយទៅឈ្មោះ ហាក់ ឈុនឌី ដើម្បីរកស៊ីដាក់ទូរបាញ់ត្រីនៅក្នុងកាស៊ីណូ តាមការសន្យា ប៉ុន្តែក្រោយពីបានទទួលប្រាក់ចំនួន១៥,០០០ដុល្លារ រួចមក ឈ្មោះ ហាក់ សុវណ្ណា និងកូនប្រុសឈ្មោះ ហាក់ ឈុនឌី បាត់ដំណឹងរហូត ។ ចំណែកកាស៊ីណូ ក៏មិនមានច្បាប់ និងមិនបានដំណើរការដែរ៕ ដោយ៖ ភក្តី (យុទ្ធ)