Apple ប្រកាសចេញ​ iPad Air ជំនាន់ថ្មីបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នាដូច iPad Pro

ម៉ោង​១២​រំលងអាធ្រាតយប់​មិញ​នេះ គឺ​ជា​ពេល​ដ៏​ពិសេសមួយ ដែល​ជាព្រឹត្តិការណ៍អនឡាញរបស់​ក្រុម​ហ៊ុន Apple ដែល​មាន​ឈ្មោះថា Time Flies។ ដូច​ដែល​នៅ​ក្នុងអត្ថបទចាស់​ដូច្នោះដែរ Apple ពិត​ជា​ប្រកាស​ចេញនូវ iPad Air ជំនាន់​ថ្មី​ដែល​មាន​រូប​រាង និង​សមត្ថភាពគួអោយចាប់អារម្មណ៍ផងដែរ។

iPad Air ឆ្នាំ 2020 បានបំពាក់មកជាមួយអេក្រង់ទំហំ 10.9 អ៊ីញ ប្រភេទ Liquid Retina អាចគាំទ្របច្ចេកវិទ្យា True Tone ជាមួយកម្រិតទឹកពណ៌ P3 ក៏ដូចជាស្រោបដោយទឹកថ្នាំពិសេសការពារពីចំណាំងផ្លាតផងដែរ។ សម្រាប់ផ្នែកកាមេរ៉ា iPad Air ឆ្នាំ 2020 បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 7MP Aperture f/2.2 អាចថតវីដេអូក្នុងកម្រិត 1080P ជាមួយល្បឿន 60fps និងកាមេរ៉ាក្រោយ 1 គ្រាប់ ដូចគ្នា មានទំហំ 12MP Aperture f/1.8 អាចថតវីដេអូក្នុងកម្រិត 4K ជាមួយល្បឿន 60fps។ ចំពោះកម្លាំងម៉ាស៊ីនវិញ iPad Air ឆ្នាំ 2020 ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm មាន CPU ចំនួន 6 Core និង GPU ចំនួន 4 Cores ហើយបើប្រៀបធៀបជាមួយជំនាន់មុន វាមានកម្លាំង CPU លឿនជាងមុន 40% និងមានកម្លាំង GPU លឿនជាងមុន 30%។ សម្រាប់ទំហំ RAM វិញ Apple មិនទាន់បញ្ជាក់ឲ្យយើងបានដឹងនោះ ដូច្នេះយើងមានតែរង់ចាំតាមដាននៅពេលក្រោយជាបន្តទៀត។

បើមើលទៅលើ រចនាបថរូបរាងខាងក្រៅ យើងឃើញថា iPad Air ឆ្នាំ 2020 នេះ មានលក្ខណៈស្រដៀងគ្នាទៅនឹង iPad Pro 11 អ៊ីញ ឆ្នាំ 2018 ច្រើន ដោយវាបានបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា ដោយកាត់បន្ថយគែមអេក្រង់​​អោយ​កាន់តែតូច។

Air ឆ្នាំ 2020 ក៏បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសៗមួយចំនួនបន្ថែមទៀតផងដែរ ដោយក្នុងនោះរួមមានដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Touch ID បង្កប់ជាប់ជាមួយប៊ូតុង Power, រន្ធតភ្ជាប់ប្រភេទ USB-C, Speaker ជាប្រភេទ Stereo, កន្លែងសម្រាប់តភ្ជាប់ទៅកាន់ក្តារចុច Magic Keyboard និងអាចប្រើប្រាស់ជាមួយ Apple Pencil ជំនាន់ទី 2 ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 20W ថែមទៀតផង។

ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍ ប៉ុន្តែ​ខ្លាច​តម្លៃថ្លៃដូច iPad Pro នោះអ្នកគិតខុសហើយ ដោយ iPad Airថ្មីនេះ នឹង​ដាក់​លក់​ដោយមាន​ជម្រើសអង្គផ្ទុកទិន្ន័យទំហំ 64/256GB និងមានពណ៌សរុបចំនួន 5 ផងដែរដោយក្នុងនោះរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ប្រផេះ,បៃតង និងពណ៌ខៀវ ជាមួយតម្លៃដាក់លក់ចាប់ពី 599 ដុល្លារឡើងទៅ ដោយអ្នក​នឹង​អាច​កុម៉្មង់ទិញ​បាន​ចាប់ពីខែតុលា ឆ្នាំ 2020 ខាងមុខនេះ។

ដោយ៖ Vireak