មនុស្ស៤នាក់ ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារ ពីបទទាក់ទឹននឹងការស្លាប់មនុស្ស ៣៩នាក់ក្នុងរថយន្តក្លាសេ

(អន្តរជាតិ)៖ តុលាការនៃខេត្តហាទិញ ប្រទេសវៀតណាម បានសម្រេចកាត់ទោស ដាក់ពន្ធនាគារមនុស្ស ៤នាក់ ដែលជាប់ទាកទងទៅនឹង ការស្លាប់ជនអន្តោប្រវេស្តន៍ ៣៩នាក់ ដែលគេលាក់ក្នុងទូក្លាសេទំនិញ ដឹកតាមរថយន្ត Essex Lorry។

សាកសពអ្នកទាំងនេះ គឺជាជនជាតិវៀតណាម ត្រូវបានរកឃើញនៅឯតំបន់ឧស្សាហកម្មមួយ នៃប្រទេសអង់គ្លេសក្រោយពីរថយន្តដឹកទំនិញមួយគ្រឿង បានមកដល់ទីនេះហើយឆែករកឃើញក្នុងទូក្លាសេទំនិញ កាលពីខែតុលាឆ្នាំ២០១៩។

ទូទំនិញ ដែលមានសាកសពមនុស្សនេះ ត្រូវបានគេដឹកជញ្ជូន ចេញពីប្រទេសបែលហ្សិក។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានក្មេងជំទង់២នាក់។

សារព័ត៌មានរដ្ឋវៀតណាមបាននិយាយថា ជនជាតិវៀតណាម ដែលធ្វើចំណាកស្រុកទាំងនេះ ត្រូវបង់ប្រាក់ទៅឲ្យមេខ្យល់ក្នុងម្នាក់ៗ ចំនួន២២,០០០ដុល្លារអាមេរិក។

នៅមានជនបរទេសជាច្រើនទៀត ដែលជាប់ទាក់ទងនឹងការស្លាប់នេះ ហើយមួយចំនួន ត្រូវបានចាប់ខ្លួន និងកំពុងតែដំណើរការក្តីនៅក្នុងតុលាការ រួមមានជនជាតិអង់គ្លេសជាច្រើននាក់ទៀត ដែលពួកគេនឹងត្រូវបានតុលាការអង់គ្លេសចោទប្រកាន់ពីបទឃាតុកម្ម ប៉ុន្តែពួកគេបានបដិសេធន៍៕ ដោយ ៖សារឹទ្ធ(Micheal)