លោក ម៉ាង សុីណេត ដឹកនាំនិស្សិត​ អ.ម.ត​ នាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យរបស់ លោក ហ៊ុន ម៉ាណែត ចូលរួមកាន់បិណ្ឌវេន១៤ នៅវត្ត​ជោតញ្ញា​​ (វត្ត​លេី)​

(ព្រះសីហនុ)​៖ នៅព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ​ឆ្នាំ​២០២០នេះ​ លោក​ ម៉ាង សុីណេត​ ប្រធានក្រុម​ការងារ​ (អ​.ម​.ត)​ ​ខេត្ត​ព្រះសីហនុ​ និងសមាជិកក្រុមការងារគ្រប់គ្រង​និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់​ (អ.ម.ត) បានដឹកនាំនិស្សិត​ អ.ម.ត​ នាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួនរបស់លោក ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត​ ចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយពុទ្ធបរិស័ទ នៅវត្ត​ជោតញ្ញា​​ (វត្ត​លេី)​ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

បន្ទាប់ពីការគោរពបូជាទៀនធូបចំពោះព្រះពុទ្ធរូប និងនមស្ការព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធនោះរួចមក លោក ម៉ានសុីណេត ព្រមទាំងសហការី និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទេយ្យទាន និងទេយ្យវត្ថុ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា រួមមានទានធូប ស្ករស តែ ម្លូស្លា ចង្ហាន់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យសម្រាប់កសាងវត្ត ព្រមទាំងប្រគេនបច្ច័យបួនសម្រាប់ព្រះសង្ឃគ្រប់អង្គផងដែរ។

សូមបញ្ជាក់ផងដែលថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា បានខិតខំថែរក្សាតាំងពីដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនឱ្យសាបសូន្យ និងបាត់បង់ឡើយ ប្រយោជន៍ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។

គួរបញ្ជាក់ថាស្ថានភាពកូវីដ១៩បច្ចុប្បន្ន បានធូរស្រាលបន្តិច​ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ បានចូលរួម​កាន់​បិណ្ឌ​ និងបន្តកាន់​បិណ្ឌ​តាម​បែប​សាសនា​ និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រមទាំង​ប្រកាន់ខ្ជាប់​នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនមានការធ្វេសប្រហែសឡើយ៕ ដោយ៖ ស៊រ (Micheal)