លោក ទៀ សីហា៖ កងកម្លាំងទាំងអស់ត្រូវឈរលើជំហរដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត

សៀមរាប៖ នៅថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ជូនដល់នាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សមរភូមិមុខទិសទី៣ នៃសមរភូមិមុខទិសយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដែលអមដំណើរដោយលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនខេត្ត ក្នុងនាមជាខេត្ត សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៥។


ឧត្តមសេនីយ៍ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានថ្លែងស្វាគមន៍ ចំពោះខេត្តសម្ព័ន្ធមេត្រីភាពរបស់ខ្លួនថា ជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីទិសទី៣ ជាសមរភូមិប្រយុទ្ធដោយអាវុធ ការពារបូរណភាពដែនដី នៃមាតុភូមិ រហូតមកដល់ទិសទី៣ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែន ដោយមាន រដ្ឋបាលខេត្តសៀមរាបជាជំហរ មិនត្រឹមតែបានរក្សាចំណងសម្ព័ន្ធមេត្រីភាពបានល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានបន្តរឹតចំណងមេត្រីភាពនេះ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈនៃការចុះសួរសុខទុក្ខ នាំយកអំណោយពីសមរភូមិក្រោយ មកជួយឧបត្ថម្ភសមរភូមិមុខ យ៉ាងទៀងទាត់ មិនដែលអាក់ខានឡើយ ។


ក្នុងពិធីចុះសួរសុខទុក្ខនេះ លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំនូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ហើយបងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។ លោកក៏បានលើកឡើងថា ក្រោមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង មួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយដូចដែលពាក្យស្លោកបូរាណខ្មែរបានពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន។

លោក ទៀ សីហា ក៏បានលើកពីវីរៈភាពអង់អាចក្លា ហានលះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាបសម្រាប់បុព្វហេតុបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើទស្សនវិស័យធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និង ការអភិវឌ្ឍន៍។


លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាពសំខាន់ត្រូវធ្វើការលេងកីឡា ស្គាល់ច្បាប់ពីតួនាទី ភារកិច្ចកងទ័ព ដើមី្បជាយន្តការដ៏ល្អក្នុងការអប់រំដល់យុវជនជំនាន់ក្រោយៗ ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្កានិងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាព កងទ័ពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន ជូនដល់ប្រជាពលរដ្ឋ ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត។


ក្នុងឱកាសប្រជាជនកម្ពុជា ទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូខេត្តសៀមរាប ក៏បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន៣១មុខ និង មី ១៥០កេស , ស្រាបៀរ ១៥០កេស ,ទឹកក្រូច ៥០កេស , គោ ២ក្បាល , ជ្រូក ៤ក្បាល , ប្រេងម៉ាស៊ូត ១ពាន់លីត្រ,ស័ង្កសី ៥០០សន្លឹក ,តង់ ០១ផ្ទាំង ,ស៊ីម៉ង់ដ៏ ១០តោន ,ពុយដាក់ប្រេង ១០ ,សាប៊ូលាងចាន ១០លីត្រ និង ថវិកា១០លានរៀល និង ចែកជូនកងទ័ព ម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវស្រាបៀរ៥០កេស ថវិកា៦លានរៀល និងមី ៧០កេសផងដែរ៕