រដ្ឋបាល​រាជធានីភ្នំពេញ បញ្ជាក់​ពី​ការចាក់ដី​ចូលក្នុងដៃទន្លេ នៅកោះពេជ្រ

រដ្ឋបាលរាធានីភ្នំពេញ បាន​បញ្ជាក់​ថា ការចាក់ដី​ចូល​ក្នុងដៃទន្លេបាសាក់ (ទន្លេតូច) ដែលស្ថិតនៅសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន គឺ​ក្នុងគោលបំណង​កែលំអ​ច្រាំង​ដៃ​ទន្លេបាសាក់ ឱ្យ​ច្រាំង​ខាងលិច​ស្របនឹង​ច្រាំង​ខាងកើត ដើម្បី​ធានា​បាន​នូវ​សោភ័ណភាព​ល្អ ឈាន​ទៅស្ថាបនា​ផ្លូវថ្មើរជើង ចាប់ពី​តំបន់​អភិវឌ្ឍន៍​កោះពេជ្រ ដល់​គល់ស្ពាន​ព្រះមុនីវង្ស (ហៅស្ពាន​ច្បារ​អំពៅ)។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ។
ការ​បញ្ជាក់នេះ ធ្វើឡើងក្រោយ​ពេល​ដែល​ប៉ុន្មាន​មកនេះ មាន​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​អំពី​ការចាក់​ដីចូល​ក្នុងដៃ​ទន្លេ​ នៅទីតាំងខាងលើនេះ។
ថ្លែងក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុមអ្នក​យកព័ត៌មាន នៅទីតាំង​កន្លែង​ចាក់ដី​លុប​នោះ​កាលពីយប់មិញ លោកអភិបាល​រាជធានី​ភ្នំពេញ ឃួង ស្រេង បាន​បញ្ជាក់ថា រដ្ឋបាលរាជធានី​ភ្នំពេញ មិនមាន​បំណង​លុបដៃ​ទន្លេ​បាសាក់ ដូចការ​រិះគន់​របស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​សារព័ត៌មាន​មួយចំនួន​នោះឡើយ។លោក​ពន្យល់​ថា ការចាក់ដី​លុប​នេះ គឺជា​ការ​សាងសង់​ស្ថានីយ​ចម្រោះ​ទឹកកខ្វក់ ដែលហូរ​ចូលទន្លេ​ប៉ុណ្ណោះ ដោយសារ​តែដៃ​ទន្លេ​បាសាក់​នេះ ទទួល​រងនូវ​ការ​បង្ហូរ​ទឹកកខ្វក់ ទឹកស្អុយ​ពី​អគារ​ខ្ពស់ៗ និងផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ សង​ខាងដៃ​ទន្លេនេះ ដូច្នេះ​ដើម្បី​ការពារ​បរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ធ្វើអាង​ចម្រោះ​ទឹកស្អុយ ដោយ​បំពាក់​នូវ​ម៉ាស៊ីន​បូម​ទឹក​កខ្វក់នេះ ទម្លាក់​ទៅប្រឡាយ​បង្ហូរ​ទឹកបឹងត្របែក។
លោក​អភិបាល​រាជធានី​បន្តថា ចំពោះ​ការចាក់​ដីលុប​នេះ នៅពេល​ដែល​ការដ្ឋាន​សាងសង់ ស្ថាបនា​អាងចម្រោះ​ទឹក​សម្អុយ​រួចរាល់​នោះ នឹង​កាយដី​ដែល​បាន​ចាក់ចេញវិញ ហើយ​គម្រោង​នេះ ក៏មាន​សង់​ច្រាំង​ទន្លេ​ទប់ដី និង​សង់ផ្លូវថ្មើរ​ជើងថ្មី ​ចាប់ពី​កោះពេជ្រ​រហូតដល់​ស្ពាន​អាកាស​ក្បាលថ្នាល់ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ភ្នំពេញ ដែល​មាន​អគារ​សំណង់​ខុនដូ​ខ្ពស់ៗ នៅ​អមសង​ខាងដៃ​ទន្លេ៕