ឡាន​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​ ៧ នាក់​លើ​ស្ពាន​គីហ្សូណា

កំពង់ចាមៈ មនុស្ស​ម្នាក់​ស្លាប់​ និង​ ៧ នាក់​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ដោយ​សារ​រថយន្ត ២ គ្រឿង​បុក​គ្នា​នៅ​លើ​ស្ពាន​គីហ្សូ​ណា​កាល​ពី​រំ​លង​អាធ្រាត្រ​ ថ្ងៃ​ទី​ ១ ​ខែ​ មេសា​ ឆ្នាំ​ ២០១៩​ ខណៈ​របាយ​ការណ៍​នគរ​បាល​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ខែ​មីនា​មុន​នេះ​មនុស្ស​ ២០៣​ នាក់​ស្លាប់​ និង ​៥១៥​ នាក់​រង​របួស​ក្នុង​ទូទាំង​ប្រ​ទេស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

គ្រោះ​ថ្នាក់ចរាចរណ៍នៅ​លើ​​ស្ពានគីហ្សូណានេះ កើតឡើង​កាលពី​ម៉ោង​ ១២ និង​ ៥០ ​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ២ ខែ មេសា ​រវាង​យន្ត​ម៉ាក​ហ្វត​ និង​រថយន្ត​ម៉ាកហិន​​ដាយ​​​បណ្ដាល​ឲ្យ​ស្លាប់​មនុស្សម្នាក់ និង​របួស ​៧ នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ស្នង​ការដ្ឋាន​នគរបាល​​ខេត្ត​កំពង់ចាម។​

អ្នក​ជំនាញ​ខាង​សុវត្ថិ​ភាព​ចរាចរណ៍​មើល​ឃើញថា​ បញ្ហា​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​សព្វ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ មាន​និន្នា​ការ​កើន​ឡើង​ ​ដោយសារ​ឥរិយា​បថ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​បើក​បរ​មិន​គោរព​ច្បាប់ ​ចំណេះ​ដឹង​អ្នកបើក​បរ​មួយ​ចំនួន​មិន​ចេះ​ច្បាប់​ចរា​ចរណ៍​ឬ​នៅ​មាន​កម្រិត​ទាប ​រួម​ទាំង​ការ​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​របស់​សមត្ថ​កិច្ច​មិន​ទាន់​ធ្វើ​ទៅ​បាន​ពេញ​លេញ​ ​ឬ​គ្រប់​ជ្រុង​ជ្រោយ។

​លោក​ ​គង់​ ​រតនៈ​ ​ប្រធាន​ស្តីទី​នៃ​វិទ្យា​ស្ថាន​សុវ​ត្ថិ​ភាព​ចរាចរណ៍ ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ និង​បាន​អំ​ពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ចូល​រួម​គោរព​ច្បាប់ចរា​​ចរណ៍​ និង​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​ ​ត្រូវ​រឹត​បន្តឹង​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។​

លោក​ ​គង់​ ​រតនៈ​ ​ប្រាប់​ថា​៖​ «​សម្រាប់​ខ្ញុំ​គឺ​សុំ​ឱ្យ​គាត់​ធ្វើ​ការ​រឹត​បន្តឹង​ច្បាប់​ហ្នឹង​ឱ្យ​បាន​ជា​ពិសេស​គឺ​ការ​ផ្តោត​ទៅ​លើ​កត្តា​ហានិ​ភ័យ​ធំៗ​ដូច​ជា​ការ​បើក​បរ​លើស​ល្បឿន​កំណត់​ ​ការ​វ៉ា​ឬ​ក៏​ជែង​ ឬ​ក៏​ការ​ពិសា​គ្រឿង​ស្រវឹង​ជា​ដើម​។​ ​អ៊ីចឹង​ធ្វើ​ឱ្យ​គាត់ ​(​សមត្ថ​កិច្ច) ​ត្រួត​ពិនិត្យ​ទាំង​អស់​ហ្នឹង​ឱ្យ​បាន​ជាប់​លាប់​ជា​ប្រ​ចាំ ​ហើយ​ធ្វើ​ឱ្យ​បាន​ច្រើន​​គោល​ដៅ​ ​ខ្ញុំ​ជឿ​ជា​ក់​ថា​ចំនួន​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​នឹង​ថយចុះ​មក​វិញ»។

​ក្នុង​ឆ្នាំ​ ២០១៨​ ​មាន​មនុស្ស​យ៉ាង​តិច​ ​១ ៧៦១ ​នា​ក់​បាន​ស្លាប់​ ​និង​ ៤ ៧៧០​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​ ​​លោក​ ស​ ​ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​បាន​អះអាង​ថា ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នឹង​​មាន​ការ​កើន​ឡើង​ស្ទើរ​ទ្វេ​ដង​ក្នុង​ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​ ប្រសិន​បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​ខណៈ​បច្ចុ​ប្បន្ន​មាន​អ្នក​ស្លាប់​ជា​មធ្យម​ ៥ នាក់​ក្នុង​ ១ ថ្ងៃ​ ជា​អ្វី​​ដែល​មន្ត្រី​ជំនាញ​ថា ​កត្តា​មិន​គោរព​ច្បាប់​ជា​ផ្នែក​មួយ​នៃ​គ្រោះ​ថ្នាក់​នេះ៕