ថៃ ព្រមផ្តល់រថភ្លើងដឹកអ្នកដំណើរ៤ទូ ឱ្យកម្ពុជានៅចុងខែមេសានេះ

ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានព្រមព្រៀងផ្តល់រថភ្លើងដឹកអ្នកដំណើរប្រភេទ DMU (Diesel Multiple Unit) ជូនកម្ពុជានៅចុងខែមេសា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមជួយលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

ការព្រមព្រៀងផ្តល់រថភ្លើងសម្រាប់ដឹកអ្នកដំណើរនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនថៃ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។

រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។ ជាប្រភេទខ្សែរថភ្លើងដឹកអ្នកដំណើរមានចំនួន៤ទូ ដែលក្នុងមួយទូៗដឹកអ្នកដំណើរបាន៨០នាក់។

ក្នុងជំនួបពិភាក្សានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Arkhom Termpittayapaisith បានឯកភាពគ្នាឲ្យមានវគ្គសិក្សាបន្ថែមទៀតស្តីពី DMU ដល់មន្ត្រីកម្ពុជា ដើម្បីជួយឱ្យមន្ត្រីកម្ពុជាមានជំនាញ និងសមត្ថភាពច្បាស់ក្នុងការបើកបរ ថែទាំ និងប្រើប្រាស់រថភ្លើង ដែលថៃនឹងប្រគល់ជូនភាគីកម្ពុជានេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។

ក្នុងជំនួបពិភាក្សានៅថ្ងៃនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ក៏បានពិនិត្យ និងពិភាក្សាគ្នាលើពាក្យពេចន៍មួយចំនួន នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា-ថៃ ដែលភាគីថៃ បានស្នើសុំបញ្ជាក់ពីភាគីកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុងហើយលើពាក្យពេចន៍នៅក្នុងកិច្ចព្រមព្រៀងនេះ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ប្រារព្វពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកព្រំដែនស្ទឹងបត់-បានណងអៀន ដែលទើបបង្កើតថ្មីនៅក្រុងប៉ោយប៉ែតផងដែរ៕