ស្រុកបន្ទាយស្រីសាកល្បងដំណើរការឡដុតសំរាមរួមជាលើកដំបូង

(សៀមរាប)៖ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដាក់ដំណើរការសាកល្បងឡដុតសំរាមរួមជាលើកដំបូង ចាប់​ពីពេលនេះតទៅ។ នេះបើតាម ការឱ្យដឹងរបស់លោក ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០នេះ។

លោកឃីម ហ្វីណង់ បានលើកឡើងថា សំរាមជាច្រើនតោន មកពីគ្រប់ទិសទី​នៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយ​នៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មី​ដែលបានបន្សល់ទុកក្រោយ​ថ្ងៃសម្រាក​បុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចកាលពីពេលថ្មីៗនេះនៅក្នុងឃុំរំចេក ក្រោយពីបានហាលសម្ងួត និងញែក​យកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។

បើតាមលោកអភិបាលស្រុកបន្ទាយស្រី ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំង​អស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និង​វេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។

ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយក​ទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះ​ពាល់​ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។

ជាមួយគ្នានោះលោកក៏ថ្លែងអំណរគុណដល់បងប្អូនប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រ​ចិត្តជួយប្រមូលដុតសំរាមចាស់ៗដែល​កកស្ទះជាច្រើនតោននេះ។ ក្រោយពីពេលដំណើរ​ការដុត​ជាប្រចាំថ្ងៃនេះទៅ យើងនឹងមិនមានការរាំងស្ទះដូចពេលនេះទៀតទេ៕

សកម្មភាពចុះពិនិត្យឡដុតសំរាមនៅស្រុកបន្ទាយស្រីពីលោកអភិបាលស្រុក បន្ទាយស្រី ឃីម ហ្វីណង់៖រូបភាពពី ឃីម ហ្វីណង់

(ដោយ៖ ឡេង ដេត)