លោកលូកាស៊ីនកូ ស្បថចូលកាន់តំណែងប្រធានាធិបតីបេឡារូស ដោយមិនមានការប្រកាសជាផ្លូវការ

(អន្តរជាតិ)៖ ម្សិលមិញនេះនៅទីក្រុង Minsk នៃប្រទេសបេឡារូសលោក លូកាស៊ីនកូ បានធ្វើពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី៦ ដោយស្ងប់ស្ងាត់មិនមានការប្រកាសណាមួយឲ្យអធិកអធម៌នោះទេ។

សារព័ត៌មានរដ្ឋបានផ្សាយថា មានមនុស្សរាប់រយនាក់បានអញ្ជើញចូលរួមក្នុងពិធីនោះ នៅវិមានឯករាជ្យ ក្នុងទីក្រុង Minsk។ វិថីទាំងឡាយក្នុងទីក្រុងត្តូវបានបិទ។ អ្នកនយោបាយប្រឆាំងម្នាក់ដែលបានដឹងពីព្រឹត្តិការណ៍នោះបាននិយាយថា វាដូចជាព្រឹត្តិការណ៍សម្ងាត់អីចឹង។

ដោយឡែកទីភ្នាក់ងារសារព័ត៌មានរដ្ឋបានផ្សាយថា លោកអាឡិចសាន់ឌ័រ លូកស៊ីនកូ បានទទួលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសបេឡារូស ដែលពិធីនេះត្រូវបានធ្វើឡើងជាផ្លូវការនៅវិមានឯករាជ្យ។

លោកលូកាស៊ីនកូ ត្រូវបានពួកប្រឆាំងធ្វើបាតុកម្មរាប់ម៉ឺននាក់ទាមទារឲ្យចុះចេញពីតំណែង ដោយចោទប្រកាន់ថាគាត់លួចបន្លំសន្លឹកឆ្នោតដែលធ្វើឲ្យប្រទេសនេះ ជួបចលាចលតាំងពីដើមខែសីហាមក។ ប៉ុន្តែលោកប្រធានាធិបតីនិយាយថា លោកមិនអាចទៅណាចោលប្រជាជនបេឡារូសបានឡើយ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)