Breaking News: រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកទំនិញធុនធំបើកកៀរ បណ្តាលឲ្យរងរបួស១០នាក់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតនៅក្នុងឃុំវាលពុក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យរងរបួសកម្មការនីចំនួន១០នាក់ ក្នុងនោះមានម្នាក់ដាច់ដៃ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ បានបើកកៀររថយន្តដឹកកម្មករ ហើយកម្មករដែលជិះលើករថយន្ត បានដាក់ដៃចេញមកក្រៅទើបត្រូវរថយន្តកៀរ បណ្តាលឲ្យរងរបួស។

បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ហើយ អ្នកបើករថយន្តបង្កបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ខណៈកម្មការិនីរងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕