ខណៈកូរ៉េទាំងពីរកំពុងពិភាក្សាគ្នា អាមេរិក​​បែរជា​បញ្ចេញព័ត៌មានរសើប​មួយ ដែលអាច​នាំឲ្យ​ស្ថានការណ៍​ពុះកញ្ជ្រោល​ឡើងវិញ…

(វ៉ាស៊ីនតោន)៖ គេហទំព័រ​អាមេរិក 38 North បានឱ្យដឹង​ថា យោងតាម​សកម្មភាព​ នៃម៉ាស៊ីន​រ៉េអាក់ទ័រ​​នុយក្លេអ៊ែរ​មួយទីតាំង ​របស់កូរ៉េខាងជើង​នាពេល​ថ្មីៗនេះអាច​ឲ្យយើង​សន្មត់ថា ទីក្រុងព្យុងយ៉ាង បាននិងកំពុងដំណើរកា​រ​ឡើងវិញ​ នូវការផលិត​សារធាតុ​ភ្លុយតូញ៉ូម​​សម្រាប់ ទ្រទ្រង់កម្មវិធី ផលិតអាវុធនុយក្លេអ៊ែរ​របស់ខ្លួន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

គេហទំព័រ 38 North ធ្វើការសន្និដ្ឋាន​បែបនេះ ដោយផ្អែកលើ​រូបភាពផ្កាយរណប ដែលថតបាន​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ដែល បង្ហាញថា រ៉េអាក់ទ័រនុយ​ក្លេអ៊ែរ 5 MWe នៅឯមជ្ឈមណ្ឌល​ស្រាវជ្រាវវិទ្យាសាស្ត្រ​កូរ៉េខាងជើង យ៉ុងប្យុន (Yongbyon) ហាក់ដូចជាមាន​សកម្មភាព​ឡើងវិញ ក្នុងការចម្រាញ់សារធាតុភ្លុយតូញ៉ូម។

«ការញែកចំហាយ​ទឹក ត្រូវបាន​សង្កេតតាមរយៈរូបភាព​ផ្កាយរណប​ កាលពី​ថ្ងៃទី១៧ ដល់ថ្ងៃ​ទី២៥ ខែកុម្ភៈ ហាក់ដូចជា​មានសកម្មភាព​នៅឯរ៉េអាក់ទ័រ​នុយក្លេអ៊ែរ 5 MWe… ហើយបើសិន​ជារ៉េអាក់ទ័រ នេះដំណើរការ​ឡើងវិញមែន​នោះវាមាន​ន័យថា កូរ៉េខាងជើង​បានដំណើរការ​ឡើងវិញ នូវការផលិត​សារធាតុ​ភ្លុយតូញ៉ូម សម្រាប់កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន»

គួរបញ្ជាក់ថា ការសន្និដ្ឋាន​បែបនេះកាលពីថ្ងៃចន្ទ របស់គេហទំព័រ​អាមេរិក 38 North កើតមានឡើង​នៅចំពេល​បេសកជន​ពិសេស​កូរ៉េខាងត្បូង តំណាងប្រធានាធិបតី លោក មូន ជែអ៊ីន បំពេញទស្សនកិច្ចក្នុង​ទីក្រុង​ព្យុងយ៉ាង ខណៈទីក្រុង​សេអ៊ូលរំពឹងថា ទស្សនកិច្ចនេះ​អាចនឹងបញ្ចុះ​បញ្ចូល​ឱ្យកូរ៉េខាងជើង ត្រឡប់មក​រកតុចរចា​គ្នាវិញ៕