លោក ស សុខា ប្រាប់​ខេត្ត​ធំៗ​ឲ្យ​ពង្រឹង​កីឡា ក្រោយ​គ្មាន​មេដាយ​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការក្រើនរំឮកដល់មន្ដ្រី និងគ្រប់ភាគីពាក់ព័ន្ធ នៃរាជធានី-ខេត្តធំៗ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍វិស័យកីឡា ពិសេសកីឡាតាមគ្រឹះស្ថានអប់រំ ដើម្បីធានា និងរួមចណែកការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ស្របពេលរាជធានី-ខេត្ដធំៗជាច្រើន ដណ្ដើមមេដាយមិនបានសូម្បីតែ ១គ្រឿងឡើយពីព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ផ្ទុយពីខេត្តតូចៗមួយចំនួន ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ គួរឲ្យស្ញើចសរសើរបំផុត។
លោកថា «តាមខ្ញុំដឹង ខេត្តកំពង់ឆ្នាំង ដែលឈរលេខ១ មានជួបការលំបាក និងខ្វះខាត តែថ្នាក់ដឹកនាំ និងមន្ដ្រី បានរៃអង្គាសគ្នា ដើម្បីឧបត្ថម្ភ និងផ្ដល់ភាពកក់ក្ដៅដល់កីឡាករ-កីឡាការិនី ។ ទន្ទឹមជាមួយគ្នា ខ្ញុំសូមរាជធានីភ្នំពេញ និងខេត្តធំៗមួយចំនួនទៀត ដូចជាខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងសៀមរាបជាដើម សូមមេត្ដាខំប្រឹងប្រែង សម្រាប់ការអភិវឌ្ឍន៍ ដើម្បីចូលរួមការប្រកួតក្រោយៗទៀតឲ្យបានលទ្ធផលល្អប្រសើរ»
ការស្នើដូច្នេះ ដោយសាររាជធានី-ខេត្តធំៗខាង លើមិនទទួលបានមេដាយសូម្បីតែ ១គ្រឿងក្នុងការប្រកួតនេះ ផ្ទុយពីខេត្តកំពត និងខេត្តកែប ដែលដណ្ដើមបានមេដាយមាស ហើយក៏ទទួលបានការកោតសរសើរពីលោករដ្ឋលេខាធិការផងដែរ ។ ហេតុផលនេះហើយ ទើបលោកបានអំពាវនាវ និងជំរុញគ្រប់ខេត្ត-ក្រុង ត្រូវបង្កើនស្មារតីយកចិត្ដទុកដាក់ ចំពោះការអភិវឌ្ឍន៍វិស័យកីឡា មិនថាកីឡាគ្រឹះស្ថានអប់រំ និងកីឡាមហាជនឡើយ ដើម្បីចម្រាញ់រកធនធានកីឡាករ-កីឡាការិនីល្អៗពិតប្រាកដ។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កីឡា ៤ប្រភេទធ្វើការប្រកួតប្រជែង រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ដោយមានប្រតិភូ កីឡាករ-កីឡាការិនី ២៥ រាជធានី-ខេត្តសរុបចំនួន ១,៦០៥នាក់ចូលរួម ។ ជាលទ្ធផលខេត្តកំពង់ឆ្នាំង ឈរលេខ១ មានមេដាយមាស ៤ និងសំរឹទ្ធ ១, ខេត្តព្រៃវែង ឈរលេខ២ មានមេដាយមាស២ ប្រាក់ ១ និងសំរឹទ្ធ ១ និងខេត្តកំពត ឈរលេខ៣ មានមេដាយមាស ១ និងប្រាក់ ២៕