ថ្នាំញៀន​១​កញ្ចប់​ធំ ​រួម​នឹង​ជញ្ជីង​សម្ភារៈ​វេច​ខ្ចប់ ​រួម​នឹង​មនុស្ស​ម្នាក់​ ត្រូវ​បាន​ចាប់​បង្ក្រាប

កណ្តាល ​៖ ​ថ្នាំញៀន​១​កញ្ចប់​ធំ​ រួម​នឹង​វត្ថុតាង​មាន​ជញ្ជីង​សម្រាប់​ថ្លឹង​សម្ភារៈ​វេច​ខ្ចប់​ និង​ជនសង្ស័យ​ម្នាក់ ​ ត្រូវ​បានកម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ​ធ្វើការ​បង្ក្រាប​ភ្លាមៗ​ បន្ទាប់ពី​ពលរដ្ឋ​ល្អ​បាន​ផ្តល់​ដំណឹង​។​
ហេតុការណ៍​បង្ក្រាប​ខាង​លើ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ១៤​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង១៣​និង​០០​នាទី នៅ​ចំណុច​ព្រែក​ហង្ស​ស្ថិត​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល។​
លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា​ ជនសង្ស័យ ឈ្មោះ ស្រន ប៊ុន​ហ៊ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​វត្ថុតាង​ចាប់យក​រួមមាន ​៖
១/​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​ធំ
២/​សាច់ជូរ​ចំនួន​១​កញ្ចប់​ធំ ​(​តាម​ការអះអាង​ពី​ជនសង្ស័យ​)
៣/​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ​ចំនួន​១​គ្រឿង​។​
៤/សម្ភារៈ​វេច​ខ្ចប់ គ្រឿងញៀន​មួយចំនួនធំ ។​
លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង​លើ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ។ ភ្លាមៗនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​និង​មានការ​ចូលរួម​ពី​លោក​មេភូមិ​ពោធិ​លើ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រោង​ស្នឹម​ចំបើង​របស់​ ឈ្មោះ ​ស្រន ប៊ុន​ហ៊ បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា ​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ សាច់ជូរ​ចំនួន​១​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​សាកសួរ។​
នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ​ស្រន ប៊ុន​ហ៊ បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ​នេះ ​ខ្លួន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​តម្លៃ​២០​ម៉ឺន​រៀល​ នៅ​ម្ដុំ​ចាក់​អង្រែ រាជ​ធានី​ភ្នំពេញ ដើម្បី​វេច​ខ្ចប់​លក់​បន្ត​ក្នុង​១​កញ្ចប់​តូច​តម្លៃ​២​ម៉ឺន​រៀល​ផង​ និង​ប្រើប្រាស់​(​ជក់​)​ខ្លួនឯង​ផង​។ ​ចំណែក​សាច់ជូរ​ចំនួន​១​កញ្ចប់​ធំ​នេះ ​គឺ​ទុក​សម្រាប់​លាយ​ជា​ជាមួយ​គ្រឿងញៀន​លក់​ឲ្យ​គេ​មិន​ស្គាល់​ឈ្មោះ​(​មិនមែន​ម៉ូយ​) ជញ្ជីង​ទុក​សម្រាប់​ថ្លឹង​គ្រឿងញៀន​ និង​ឧបករណ៍​ទុក​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន។​
ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​តាម​បញ្ជា​ លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវិធី៕