ទំនាក់ទំនងរវាងអាមេរិក ចិន និងរុស្ស៊ី កាន់តែប្រេះឆា នៅក្នុងកិច្ចប្រជុំក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា ទំនាក់ទំនងដែលកាន់តែប្រេះឆា រវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ត្រូវបានបង្ហាញកាន់តែច្បាស់ នៅក្នុងកិច្ចប្រជុំក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រចុងសប្តាហ៍ ដែលគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការឆ្លើយតបចំពោះការរាលដាលនៃជំងឺកូវីដ១៩ ។

មហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំនេះ ត្រូវបានធ្វើឡើងតាមអនឡាញ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ហើយប្រធានបទឆ្នាំនេះ ផ្ដោតទៅលើការទប់ទល់នឹងជំងឺកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តិការចម្រុះដ៏មានប្រសិទ្ធភាព ។

នៅក្នុងកិច្ចប្រជុំក្រៅមហាសន្និបាត គឺនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានរៀបចំឡើងបន្ថែមលើប្រធានបទនេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះ កំពុងតែលាតត្រដាងនូវ «ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា» ។

ភាពតានតឹងទាំងនោះ ត្រូវបានបង្ហាញនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី បង្ហាញការបែកបាក់របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា៖ «នៅក្នុងស្ថានភាពដ៏តានតឹងបែបនេះ ប្រទេសធំៗជាច្រើន គួរតែយកចិត្តទុកដាក់លើអនាគតរបស់មនុស្សជាតិជាធំ ហើយត្រូវបោះបង់ចោលគំនិតធ្វើសង្គ្រាមត្រជាក់ និងភាពលំអៀងផ្នែកមនោគមវិជ្ជា ហើយត្រូវរួមគ្នាក្នុងភាពជាដៃគូ ដើម្បីយកឈ្នះលើការលំបាកទាំងនេះ» ។

ដៃគូរុស្ស៊ីរបស់លោក គឺលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov បាននិយាយថា ការខ្វែងគំនិតគ្នារវាងប្រទេសមួយចំនួន បានកើតឡើងជាថ្មីកាន់តែខ្លាំង ដោយសារតែផលប៉ះពាល់ពីជំងឺកូវីដ ១៩ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Kelly Craft បានតបតវិញ ដោយបានស្តីបន្ទោសក្រុមប្រឹក្សាសន្តិសុខ ដែលផ្ដោតទៅលើ «ភាពតានតឹងផ្នែកនយោបាយ» ។

អ្នកស្រីបាននិយាយផ្ដោតទៅលើប្រទេសចិន និងបាននិយាយឡើងវិញ នូវជំហរដ៏រឹងមាំរបស់លោកប្រធានាធិបតី Donald Trump ថា រដ្ឋាភិបាលក្រុងប៉េកាំងគួរតែទទួលខុសត្រូវ ដែលខ្លួនជាប្រភពនៃជំងឺកូវីដ១៩ ដែលបានរាតត្បាតជាសាកលនេះ ៕ ដោយ៖ សារីទ្ធ(Micheal)