ប្រទេសចិនរំពឹងថា វិស័យទេសចរណ៍នឹងងើបឡើងវិញ នៅក្នុងសប្តាហ៍មាស

(អន្តរជាតិ)៖ ទីភ្នាក់ងារសរព័ត៌មាន CNA បានចុះផ្សាយថា ប្រទេសចិនរំពឹងថា នឹងមានការស្ទុះងើបឡើងវិញនៃការធ្វើដំណើរក្នុងស្រុក ក្នុងឱកាសវិស្សមកាលសប្តាហ៍មាសខាងមុខនេះ បន្ទាប់ពីវិស័យនេះរងផលប៉ះពាល់ខ្លាំងដោយកូវីដ១៩ អស់រយៈពេលជាច្រើនខែ ដោយមានជើងហោះហើរខ្លះ ត្រូវបានកក់សំបុត្រអស់ និងមានការកក់សណ្ឋាគារជាមុន ។

តម្រូវការបំពេញបន្ថែមកំពុងជំរុញឱ្យមានសុទិដ្ឋិនិយមដល់ឧស្សាហកម្មទេសចរណ៍ចិន ដើម្បីឈានដល់ចំណុចរបត់មួយ ដោយសង្ឃឹមថា ថ្ងៃឈប់សម្រាករយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលាតទៅ នឹងធ្វើឲ្យទេសចរក្នុងស្រុកស្ទុះងើបឡើងវិញ បន្ទាប់ពីកូវីដ១៩ ត្រូវបានគ្រប់គ្រង ។

ឧស្សាហកម្មទេសចរណ៍ដែលកំពុងងើបឡើងជាថ្មីរបស់ប្រទេសចិន ផ្តល់នូវភាពផ្ទុយស្រឡះពីអាជីវកម្មនៅផ្នែកខ្លះនៃទ្វីបអាស៊ី ក៏ដូចជានៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលវីរុសនេះកំពុងចរាចរ ហើយការប្រមូលផ្តុំគ្នាត្រូវបានដាក់កម្រិត ។

ថ្ងៃឈប់សម្រាកដើម្បីរំលឹកដល់ការបង្កើតប្រទេសចិនទំនើប គឺជាទម្លាប់មួយដ៏មមាញឹកបំផុតសម្រាប់ទេសចរក្នុងស្រុក ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា កាលពីឆ្នាំមុន មានការធ្វើដំណើរចំនួន ៧៨២ លាននាក់ ដោយមានមនុស្សជាង ៧ លាននាក់ បានធ្វើដំណើរទៅបរទេស ។

ទោះយ៉ាងណា មានមនុស្សតិចណាស់ ត្រូវបានគេរំពឹងថា នឹងផ្សងព្រេងទៅបរទេសសម្រាប់សប្តាហ៍មាស ដោយសារតែតម្រូវការរឹតបន្តឹងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅជុំវិញពិភពលោក និងកង្វះជើងហោះហើរនៅបរទេស ។

វេទិកា Fliggy ដែលគាំទ្រដោយក្រុមហ៊ុន Alibaba បាននិយាយថា ការកក់សណ្ឋាគារ និងអាកាសចរណ៍ធ្វើឡើងក្នុងសប្តាហ៍មាស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា កើនលើសពីអ្វីដែលបានធ្វើក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយការកក់សណ្ឋាគារសម្រាប់សប្តាហ៍មាស កើនឡើងជាង ៥០ ភាគរយ ៕ ដោយ៖ សារីទ្ធ(Micheal)