អ្នក​វាយប្រហារ​នៅ​ទីក្រុង Christchurch ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី បទ​មនុស្សឃាត​ចំនួន​៥០​ករណី

ប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​បាន​និយាយថា បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​វាយប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​ក្នុង​ទីក្រុង​គ្រី Christchurch កាលពី​ខែ​មុននឹង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ចំនួន​៥០​ករណី​នៅពេលដែល​គាត់​លេចមុខ​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ​។

​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant ពីមុន​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​មួយ​ករណី​ជា​វិធានការ​បណ្តោះអាសន្ន​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រាល់​ការស្លាប់​និង​រងរបួស​នៅក្នុង​ការវាយប្រហារ​កា​លពី​ថ្ងៃទី​១៥​ខែមីនា​នឹងត្រូវ​បាន​ឆ្លុះបញ្ចាំង​ក្នុងការ​ចោទប្រកាន់​ថ្មី​អំឡុង​ការបង្ហាញ​ខ្លួន​លើក​ក្រោយ​របស់គាត់​។
​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា “​បុរស​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង Christchurch នឹង​ប្រឈម​នឹការចោទ ប្រកាន់​ពីបទ​មនុស្សឃាត​ចំនួន​៥០​ករណី​និង​ប៉ុនប៉ង​មនុស្សឃាត​ចំនួន​៣៩​ករណី​នៅពេល​គាត់​លេចមុខ​ក្នុង​តុលាការ​ជាន់ខ្ពស់​របស់​ទីក្រុង Christchurch នៅ​ថ្ងៃ​សុក្រ​នេះ​”​។

​លោក Tarrant អាយុ​២៨​ឆ្នាំ​នឹង​បង្ហាញខ្លួន​តាមរយៈ Video Link ក្នុង​តុលាការក្រុង Christchurch ពី​ពន្ធនាគារ​សន្តិសុខ​អតិបរមា​នៅ​ទីក្រុង Auckland ។លិខិត​មួយ​ពី​តុលាការ​នៅ​សប្តាហ៍​នេះ​បាន​និយាយថា ការបង្ហាញ​ខ្លួន​នេះ​ទំនង​ជាមាន​រយៈពេល​ខ្លី​ហើយនឹង​រកមើល​ជំហរ​របស់​ចុងចោទ​ទាក់ទង​នឹង​ការ​តំណាង​ផ្នែក​ច្បាប់​និង​បញ្ហា​នីតិវិធី​ផ្សេងៗ​ទៀត​។

​លោក Tarrant បាន​ច្រានចោល​មេធាវី​ដែល​ត្រូវបានតែងតាំង​ដោយ​តុលាការ​បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់គាត់​កាលពី​ថ្ងៃទី​១៦​ខែមីនា​ដែលជា​ហេតុ​បង្កើន​ការភ័យខ្លាច​ថា គាត់​ចង់​ធ្វើជា​អ្នកតំណាង​ដោយ​ខ្លួនឯង​ហើយ​ព្យាយាម​ប្រើការ​ជំនុំជម្រះ​ណាមួយ​ធ្វើជា​វេទិកា​ឃោសនា​។​

​តុលាការ​បាន​និយាយថា លោក Tarrant នឹងមិន​ត្រូវបាន​តម្រូវ​ឲ្យ​ដាក់​ពាក្យបណ្តឹង​នៅក្នុង​សវនាការ​ថ្ងៃ​សុក្រ​ទេ​។ ឥឡូវនេះ តុលាការ​បាន​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ការថត​វីដេអូ​ឬ​ថតរូប​ជនជាប់ចោទ​។ប៉ូលិស​បាន​និយាយថា ការចោទប្រកាន់​បន្ថែម​ទៀត​ប្រឆាំងនឹង​លោក Tarrant កំពុង​ត្រូវបាន​គេ​ពិចារណា​ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​ពួកគេ​គឺជា​អ្វី​នោះទេ​៕