លោក កឹម សុខា ដឹកនាំសហការី នាំយកអង្ករ, អាវភ្លៀង និងស្បៀង​មួយចំនួន ចែកជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ​) ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដឹកនាំសហការី នាំយកអង្ករ, អាវភ្លៀង និងស្បៀង​មួយចំនួន យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ ។ នេះយោងតាមរបាយការណ៍របស់សមត្ថិកិច្ច។

នាឱកាសនោះដែរ លោក កឹម សុខា ក៏បានថ្លែងអំណរគុណ ចំពោះសហការី និងសប្បុរសជនដែលបានចូលរួម នូវសម្ភារ ថវិកា តាមឆន្ទៈ​ និងតាមសទ្ធាជ្រះថ្លា ប្រកបដោយធម៌ បានមកដោយធម៌ កើតឡើងដោយធម៌ ទោះតិចក្ដីច្រេីនក្តី។

លោកថា ការចូលរួមដោយឆន្ទៈ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា គឺជាសម្បជញ្ញៈ របស់អ្នកមានគុណធម៌ និងមានកតញ្ញូតាធម៌ ចំពោះប្រជាពលរដ្ឋ​ និងប្រទេសជាតិ ប្រសើរជាងការច្រណែនឈ្នានីស​ ឬការចោទប្រកាន់មួលបង្កាច់​ ឬការបង្កជម្លោះ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ និងសង្គមជាតិជាតិ។

ចំពោះការចែកអំណោយនេះដែរ បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា លោក កឹម សុខា បានដឹកនាំសហការីមកដល់ទីតាំងចែកជំនួយមនុស្សធម៌ នៅម៉ោង ១១ និង៣៥នាទី ថ្ងៃទី២៨ ​ខែកញ្ញា​ ឆ្នាំ២០២០ នៅចំណុចផ្ទះលោក គឹម គឿង (អតីតប្រតិបត្តិ ស្រុកព្រៃនប់ គណៈបក្សសង្គ្រោះជាតិ) ស្ថិតក្នុងភូមិបឹងវែង​ ឃុំវាលរេញ​ ស្រុកព្រៃនប់​
ខេត្តព្រះសីហនុ។

ពិធីផ្តល់ជំនួយមនុស្សធម៌នេះ ចែកជូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ដែលមានមូលដ្ឋានក្នុងឃុំវាលរេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២០ គីឡូក្រាម, ទឹកស៊ីអុីវចំនួន ០១យួរ និង ទឹកត្រីចំនួន០១ដប ដែលជាជំនួយ របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ការធ្វើដំណើរ របស់លោក កឹម សុខា អមដំណើរដោយ លោក មៀច សុវណ្ណរ៉ា និង ក្រុមការងារមួយចំនួនទៀត ហើយបានចាកចេញទៅវិញនៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃ​ទី២៨ ខែកញ្ញា ខែឆ្នាំ២០២០ ហើយបានបន្តដំណើរ ឆ្ពោះទៅកាន់ខេត្តកំពត៕

សម្រួលអត្ថបទ ៖ S.T