ទេសរដ្ឋមន្ត្រី មាស សុភា អំពាវនាវដល់បងប្អូនទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា សន្តិភាព និងត្រូវប្រឆាំងដាច់ខាត ចំពោះជនណាដែលមានមហិច្ឆិតា ចង់បំផ្លាញសុខសន្តិភាព នៅកម្ពុជា!

(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍អំពាវនាវបែប នេះ នៅក្នុងគ្រាដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធអគារស្នាក់ការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត ដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ កញ្ញាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងបរិវេណ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិក ក្រុមការងារថ្នាក់ជាតិ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។

លោកទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែង ដោយពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ នូវគ្រប់ពេលវេលា។ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេសជាតិ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ និងឥត ឈប់ឈរនោះឡើយ។ រីឯការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិទៅបាន គឺអាស្រ័យដោយកត្តា សុខសន្តិភាព ដែលយើងទាំងអស់គ្នា រកបានមកដោយលំបាក។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវរួបរួមគ្នាថែរក្សា«សុខសន្តិភាព»នេះ ឲ្យស្ថិតនៅ គង់វង្សតរៀងទៅ និងត្រូវប្រឆាំងដាច់ខាត ចំពោះជនទាំងឡាយណា ដែលមានមហិច្ឆិតាចង់បំផ្លាញ «សុខសន្តិភាព» នៅកម្ពុជា ត្រូវការពារព្រះមហាក្សត្រ រដ្ឋមធ្មុនុញ្ញ និងរាជរដ្ឋាភិបាល ដែលប្រសូត្រចេញ ពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នាពេលកន្លងមក ឲ្យបានជាដាច់ខាត ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ ជំរុញអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវរួមគ្នា អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព នៅតាម មូលដ្ឋាន និងត្រូវបន្តការគាំទ្រ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសក្នុងការកែទម្រង់គ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរជាងនេះថែមទៀត។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ ឲ្យបន្តអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងគ្រួសារ និងសហគមន៍របស់យើង។ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ ដែលបានចូលរួម ថែមទៀតផង ៕

ដោយ៖ សួនពិសិដ្ឋ (យុទ្ធ)