មាន សូនីតា និយាយពីរឿងរ៉ាវជីវិតនិងស្នេហា

រាជិនីក្រមា មាន សូនីតា មួយរយៈនេះហាក់បញ្ចេញទស្សនៈយោបល់ពីរឿងរ៉ាវស្នេហាញឹកញាប់បន្ដិច រហូតដល់អ្នកគាំទ្រលាន់មាត់សរសើរថា នាងមិនត្រឹមតែជាតារាដែលមានសមត្ថភាពសម្ដែងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតារាដែលលេចធ្លោក្នុងបទពិសោធន៍ជីវិត និងតែងតែដោះស្រាយនូវរាល់បញ្ហាផ្សេងៗប្រកបដោយភាពឆ្លាតវៃផងដែរ។

និយាយដល់រឿងទស្សនៈជីវិតនិងស្នេហានេះ ថ្មីៗនេះនាងបានបង្ហាញសារដ៏វែងអន្លាយរៀបរាប់ពីអារម្មណ៍ទុកជាមេរៀនដល់អ្នកគាំទ្រឱ្យដឹងថា៖ “ជីវិតដែលរស់នៅម្នាក់ឯងវាល្អ តែបើអាចរកបានគូជីវិតដែលល្អ នោះជីវិតនឹងរឹតតែមានន័យ…ដូច្នេះ! ជីវិតនៅម្នាក់ឯងវាល្អ តែបើយើងអាចរកបានដៃគូ ឬគូជីវិតដែលល្អនឹងយល់ពីចិត្តគ្នាមកធ្វើជាគ្នារួមដំណើរជីវិតវិញនោះ ជីវិតកាន់តែមានសេចក្ដីសុខ ជីវិតកាន់តែមានន័យ មានដៃគូរួមដំណើរក្នុងជីវិតនិងរឹតតែកក់ក្ដៅបំផុត …”

គួរបញ្ជាក់ថា បើទោះបីមួយរយៈនេះមានព្យុះបោកបក់ព្រោះមាននារីអនាមិកម្នាក់ចេញមុខបកអាក្រាតថានាងមានទំនាក់ទំនងជាមួយបុរសម្នាក់ដែលមានម្ចាស់រួចហើយក៏ដោយ ក៏តារារូបនេះនៅតែរឹងមាំ ហើយចេញមុខតបតប្រកបដោយភាពច្បាស់លាស់ជាទីបំផុត។ ចំពោះអាជីពក្នុងសិល្បៈ បច្ចុប្បន្ននាងកំពុងសម្រុកថតរឿង “ខោល” ដែលត្រូវសម្ដែងជាអង្គសំខាន់នៅក្នុងរឿងនេះផ្ទាល់៕​

ដោយ៖ ភូមិន្ទ