ស្ត្រីជាង២ពាន់នាក់ជាប់ពន្ធនាគារ ក្នុងនោះនឹងទទួលបានការលើកលែង និងបន្ទូបន្ថយទោសនាឱកាសចូលឆ្នាំខ្មែរខាងមុខនេះ!

(ភ្នំពេញ)៖ បច្ចុប្បន្នមានស្ត្រីដែលកំពុងជាប់ពន្ធនាគារមានជាង២០០០នាក់ ហើយភាគីច្រើនពាក់ព័ន្ធ នឹង គ្រឿងញៀន។ នេះបើយោងតាមការបញ្ជាក់របស់លោក សុច សុផាន់ណារ៉ា អគ្គនាយករង អគ្គនាយករដ្ឋាន និងអយ្យការនៃក្រសួងយុត្តិធម៌។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័តមាននារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ នៅទីស្តីក្រសួងលោក សុខ សុផាន់ណារ៉ាបានឲ្យដឹងថា សម្រាប់កិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃដល់ ទណ្ឌិតក្នុងការលើកលែងលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឯកឧត្តម អង្ស វង្សវឌ្ឍានា ប្រធានគណៈកម្មកា បានលើកឡើងថា មានទណ្ឌិត៤៦០នាក់ ក្នុងនោះមានស្ត្រី៤៩នាក់ មកពីមន្ទីរអប់រំកែប្រែ ខេត្ត-ក្រុង-រាជធានី១៨ និងមណ្ឌលអប់រំកែប្រែទាំងបួន បានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនៅថ្ងៃ បុណ្យចូលឆ្នាំខ្មែរ។

លោក សុច សុផាន់ណារ៉ា ក៏បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន សម្តេចតែងតែយកចិត្តទុកដាក់ចំពោះ ជនជាប់ទោសជាស្ត្រី ពិសេសស្ត្រីមានកូននៅជាមួយម្ដាយ ស្ត្រីមានគភ៌ ស្ត្រីចាស់ជរា និងស្ត្រីមានជំងឺធ្ងន់ធ្ងរ។ ក្រោយពីមានការផ្តល់អនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីមក ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំដោយបាន កោះហៅស្ថាប័នតុលាការដែលមានប្រធានតុលាការ ប្រធានរាជអាជ្ញា ដើម្បីសុំទិន្នន័យស្ត្រីដែលកំពុង ជាប់ក្នុងពន្ធនាគារ។

ក្នុងកិច្ចប្រជុំក្រសួងយុត្តិធម៌ ក៏បានជំរុញឲ្យប្រធានតុលាការ ប្រធានរាជអាជ្ញាការចាត់ការលើសំណុំ រឿងស្ត្រីឲ្យបានឆាប់។ លោកបានគូសបញ្ជាក់ថា នៅក្នុងថ្ងៃនេះ កិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិវាយតម្លៃត្រួត ពិនិត្យនៃការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដែលជាគោលការណ៍មនុស្សធម៌។

ជាមួយគ្នានោះ លោក សុច សុផាន់ណារ៉ា ក៏បានឱ្យដឹងថា ការជួបពិភាក្សាជាមួយប្រធានតុលាការ ប្រធានព្រះរាជអាជ្ញារ រួចមកស្ត្រីកំពុងជាប់ក្នុងពន្ធនាគារសរុប២៤៤១នាក់ក្នុងនោះស្ត្រីមានគភ៌៤៤នាក់ ស្ត្រីមានកូនតាមម្តាយ១២៦នាក់។

លោកបានលើកឡើងទៀតថា សម្រាប់ការលើកលែងទោសចំពោះស្ត្រី ដែលតាមគោល ការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រី មិនមែនធ្វើតែសម្រាប់ ថ្ងៃចូលឆ្នាំនោះទេ គឺធ្វើជានិរន្ត ជាអាទិ៍៖

ទី១. ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី

ទី២. រកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ ដើម្បីនឹងងាយស្រួលបន្ទូលបន្ថយទោស និងលើកលែងទោស។

លោកបញ្ជាក់ថា «ការលើកលែងទោសធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដង មានថ្ងៃចូលឆ្នាំវិសាខបូជា នឹងថ្ងៃបុណ្យអុំទូក។ តែយើងឃើញហើយថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ តែងតែផ្ដល់អាទិភាព ដល់ស្ត្រីជានិច្ចក្នុងការលើកលែង និងបន្ថូបន្ថយទោស។

«ជាក់ស្តែងនោះក្នុងទិវា៨មីនាកន្លងមកនេះ សម្ដេចតេជោក៏បានជំរុញឱ្យមានការដោះស្រាយលើ សំណុំរឿងស្ត្រីដែលកំពុងជាប់ពន្ធនាគារផងដែរ។ ព្រោះថា អ្វីដែលចាប់អារម្មណ៍នឹងលំបាកចំពោះភ្នែកនោះ គឺស្ត្រីដែលមានកូននៅជាមួយម្ដាយ»។

បើតាមការឲ្យដឹងពីលោក សុច សុផាន់ណារ៉ា ថាស្ត្រីដែលកំពុងជាប់ពន្ធនាគារភាគច្រើនជាអ្នកប្រើ ប្រាស់គ្រឿងញៀន និងប្តីលែងលះ។ ដូច្នេះបញ្ហាដែលពិបាកនោះ គឺកូនដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ គឺរកបានដែរ។ «ក្នុងន័យនេះមិនមែនជំរុញឲ្យស្ត្រីប្រព្រឹត្តបទល្មើសទេ គ្រាន់តែក្នុងន័យមនុស្សធម៌ ដើម្បីឲ្យពួកគាត់ស្ដារនីតិសម្បទាឡើងវិញក្នុងការរួមរស់ជាមួយនឹងគ្រួសារ ជាពិសេសកូនដែលរស់ នៅក្នុងពន្ធនាគារមិនបានដឹងអ្វីសោះបែរជាមកជាប់ពន្ធនាគារជាមួយម្តាយដែរ»។

លោកបន្ថែមថា ចំពោះទិន្នន័យស្ត្រីដែលបានដាក់ស្នើសុំមកគណៈកម្មការថ្នាក់ជាតិនេះ គឺមានអាទិភាព ប៉ុន្តែក៏នឹងពិភាក្សាពិនិត្យមើលលើឯកសារមួយចំនួនទៀត ទើបលើកលែង និងបន្ធូរបន្ថយទោសបាន។ «យើងនឹងមើលសកម្មភាពរបស់គាត់។ ប៉ុន្តែសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោសនេះ យើងយក ចិត្តទុកដាក់ណាស់ទៅលើឯកសារពាក់ព័ន្ធ ដូចជាសាលក្រម សាលដីកាដែលចេញជាស្ថាពរដើម្បី រៀបចំជាព្រះរាជក្រឹត្យ។

«ចំពោះទណ្ឌិត ក៏នឹងពិនិត្យទៅលើសកម្មភាពរបស់ទណ្ឌិតនីមួយនីមួយៗដែរ។ ប៉ុន្តែបើនិយាយជាទូទៅ វិញទាក់ទងនឹងការស្នើសុំលើកលែង និងបន្ធូរបន្ថ គឺផ្ដោតលើអំពើរបស់ទណ្ឌិតប្រព្រឹត្តតែម្តង។ដូចជា អំពើប្រព្រឹត្តបទល្មើសយ៉ាងកាចសាហាវ ធ្ងន់ធ្ងរ និងប៉ះពាល់ដល់សង្គម ជាពិសេសនោះ គឺភាពមិនរាង ចាលរបស់ទណ្ឌិត»។

ចំណែកលោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានលើកឡើងថា ខាងពន្ធនាគារអប់រំរាជធានីខេត្តបានដាក់សំណើរមកដើម្បីស្នើសុំឲ្យគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ៤៦០នាក់ក្នុងនោះស្ត្រី៤៩នាក់។

លោកបន្តថាតាមសំណើរបស់គណៈកម្មការរាជធានីខេត្តស្នើសុំលើកលែងទោស៧២នាក់ ស្រី៣នាក់ ហើយស្នើសុំលើកលែងទោសពីមួយជីវិតមកត្រឹម២០ឆ្នាំប្រុស៧នាក់ ស្រី៣នាក់ និងស្នើសុំបន្ធូរបន្ថយទោសរយៈពេល១២ខែមាន១៤៤នាក់ ស្ត្រី២១នាក់ រយៈ៩ខែ ៩២នាក់ ស្ត្រី៨នាក់ និងស្នើសុំបន្ធូរបន្ថយរយៈពេល ៦ខែមាន១៨២នាក់ ស្ត្រី២៥នាក់៕