ប្រភេទ​យានយន្ត​មួយ​ចំនួន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន ខណៈ​អ្នក​ដឹក​ជញ្ជូន​សង្ឃឹមថា​ទទួលផល​ចំណេញ​ច្រើន

(​ភ្នំពេញ) ៖ ខណៈ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ (Express Way) ដែល​មាន​ប្រវែង​សរុប ១៩០,០៣៦ គីឡូម៉ែត្រ​នោះ​នា​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៩ សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ខ្លួន​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​សាងសង់​បញ្ចប់​និង​ដាក់​ឲ្យ​ដំណើរការ​នោះ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រភេទ​យានយន្ត​មួយ​ចំនួន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​រត់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ឡើយ ។

លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ប្រឈម​របស់​អ្នក​ដឹក​ជញ្ជូន គឺ​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​តែ​មិន​មាន​ផ្លូវ​ល្បឿន​លឿន និង​ធំ​ៗ ដូច្នេះ​ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​នានា​ត្រូវ​ប្រើ​ពេលវេលា​យូរ និង​ខាត​ថវិកា​ច្រើន ហើយ​ពេល​ខ្លះ​ទៀត បើ​មាន​ករណី​ស្ទះចរាចរណ៍​នោះ​នឹង​ធ្វើ​អោយ​ការ​ខាតបង់​ក៏​កាន់តែ​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​រដ្ឋាភិបាល នោះ​ការ​ដឹក​ជញ្ជូន​របស់​អ្នករក​ស៊ីក្នុង​វិស័យ​នេះ នឹង​ត្រូវ​កាត់​បន្ថយ​បាន​ទាំង​ពេលវេលា និង​ថវិកា ។ ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បន្ត​ថា នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​សង់​រួចរាល់ ការ​ចំណាយ​របស់​អ្នក​ដឹក​ជញ្ជូន ជា​ពិសេស​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ភ្នំពេញ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ នឹង​ត្រូវ​កាត់​បន្ថយ​ពេលវេលា​ច្រើន និង​ថវិកា​ផង​ដែរ ។

លោក ស៊ិ​ន ច​ន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា « យើង​នឹង​កាត់​បន្ថយថ្លៃ​ប្រេង​សម្រាប់​យានយន្ត​ក្នុង​ការ​ដឹក​ជញ្ជូន ហើយ​ពេលវេលា​នឹង​កាត់​បន្ថយ​បាន​កាន់តែ​ខ្លាំង ពីព្រោះ​ផ្លូវ​នេះ​កាន់តែ​ជិត ត្រឹមតែ​ជាង​១៩០​គីឡូម៉ែត្រ ប៉ុណ្ណោះ ដូច្នេះ​រថយន្ត​នឹង​ត្រូវ​បើក​តែ​ប៉ុន្មាន​ម៉ោង​នឹង​ដល់​គោលដៅ​ហើយ » ។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​គឺ​ត្រូវ​ពឹង​លើ​ផ្លូវទឹក ( កប៉ាល់ ) ជាង​៩០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​អោយ​ទំនិញ​ទៅ​ដល់​កំពង់​ផែ​គឺ​ត្រូវការ​ឆ្លងកាត់​ផ្លូវគោក​ក្នុងស្រុក​ជា​មុន​សិន ។ លោក បន្ត​ថា « ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​លើ​កំពង់​ផែ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​មាន​តម្លៃ​ទាប​ជាង​ការ​ដឹក​ទំនិញ​ចេញ​តាម​ផ្លូវអាកាស » ។

លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង សាធារណៈការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ អោយ​ដឹង​ថា ដំណើរការ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្លឿន​លឿន​ពី​ភ្នំពេញ ទៅ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​រួចរាល់​ហើយ ហើយ​វា​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងខែ​នេះ ។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ទំហំ​ផល​ប៉ះពាល់​នានា​ដែល​អាច​នឹង​កើត​មាន ឬ​សំណង​នៃ​ការ​ខូចខាត​នានា សម្រាប់​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ខាង​ក្រសួង​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​អស់​ប៉ុន្មាន​នោះ ព្រោះ​គឺជា​គោលការណ៍​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​។ យ៉ាងណាមិញ លោក​បន្ត​ថា នៅ​ពេល​ផ្លូវ​នេះ​សង់​រួចរាល់​និង​ដាក់​ដំណើរការ ក្រុមហ៊ុន​គេ​នឹង​ពិនិត្យ​មើល​ថា​រថយន្ត​ប្រភេទ​ណា​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​បាន តែ​សម្រាប់​កុងតឺន័រ ដឹក​ទំនិញ​នានា​អាច​ធ្វើ​ដំណើរ​បាន អោយ​តែ​មិន​លើស​ទំងន់​កំណត់​របស់​ក្រុមហ៊ុន ។

លោក វ៉ា​ស៊ឹ​ម សូ​រិ​យា មាន​ប្រសាសន៍​បន្ត​ថា « យានយន្ត​ទាំងអស់​មិន​ប្រាកដ​ថា​អនុញ្ញាត​អោយ ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​ទេ ដូច​ជា​រថយន្ត​កែ​ច្នៃ គោ​យន្ត រ៉ឺ​ម៉ក​សណ្ដោង និង​ម៉ូតូ​ដែល​មាន​កម្លាំង​១២៥CC​ចុះ​ជាដើម គឺ​មិន​អនុញ្ញាតិ​ទេ » ។ លោក​បន្ថែម​ថា ផ្លូវ​នេះ នឹង​មាន​សង់ស្ពាន​អាកាស​ឆ្លងកាត់ ពីលើ​សម្រាប់​អ្នក​នៅ​តាម​តំបន់​ផ្លូវ​នេះ​ឆ្លងកាត់ ហើយ​ក៏​មាន​ជា​ផ្លូវ​ក្រោម​ដី​ប្រភេទ​ជា​លូ ផង​ដែរ គឺ​សង់​ទៅ​តាម​ស្ថានភាព​ផ្លូវ​នេះ ហើយ​ក៏​មិន​អនុញ្ញាត​អោយ​មានការ​សង់ស្ពាន​បន្ថែម​ពីលើ ក្រៅពី​ក្រុមហ៊ុន​បាន​ឡើយ ករណី មាន​ក្រុមហ៊ុន​ឯកជន​ចង់​សង់​សម្រាប់​អភិវឌ្ឍន៍​គម្រោង​ណាមួយ​របស់​ខ្លួន ។

គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គឺជា​គម្រោង​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ចិន សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង ១ ៩០០ លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ដែរ​នឹង​ត្រូវ ឆ្លងកាត់ រាជធានី ខេត្ត​ចំនួន​៤ គឺ​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី និង ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ​/​សង្កាត់ និង ១១០​ភូមិ​។ ផ្លូវ​នេះ ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (​គិត​រួម​ទាំង​ស្ពាន និង​លូ​ទាំងអស់​) ហើយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុង​នោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ​) សងខាង ជាយ​ផ្លូវ​កៅស៊ូ​២ (២x២,៥​ម៉ែត្រ​) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រមទាំង​មាន​ស្ពាន ៨៩​កន្លែង​។ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង ហើយ​ក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ ៕