គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកនេះបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន

(ភ្នំពេញ) ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៤។

របៀបវារៈចំនួន៤រួមមាន៖  ១- ការពិនិត្យកម្មវិធីចំណាយថវិកាឆ្នាំ២០២១ របស់រដ្ឋសភា។ ២- ការពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៦។ ៣- ការពិនិត្យសមាសភាព លេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ចំនួន៣រូប ដែលមាន៖ លោកជំទាវ នួម សុភ័ណ ឯកឧត្តម ខូយ សុខា ឯកឧត្តម នៅ សំ និង៤- ការពិនិត្យ និងសម្រេច សេចក្តីព្រាងរបៀបវារៈ ចំនួន១១ និង កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

របៀបវារៈទាំង១១ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យ និងសម្រេច ដាក់ចូលក្នុងរបៀបវារៈពេញអង្គលើកទី៥ នីតិកាលទី៦ រួមមាន៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕

សម្រួលអត្ថ​បទ ៖ S.T