រថយន្តធុនធំបើកបុកពីក្រោយម៉ូតូ បណ្តាលអោយកិននិស្សិតម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

(ភ្នំពេញ)៖ រថយន្តធុនធំ បានបើកបុកពីក្រោយម៉ូតូ បណ្តាលអោយកិននិស្សិតម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះចាន់ វឌ្ឍនៈ អាយុ២០ឆ្នាំ ជានិស្សិត បច្ចុប្បន្នស្នាក់ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1535 ។ ចំណែករថយន្តបង្កម៉ាហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-8785 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើបានជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបង្កបានបើកមកពីក្រោយ បានបុកដួលនិងកិនចំពាក់កណ្តាលខ្លួន បណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុស្រាវជ្រាវទំនាក់ទំនង រកក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយលធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕