ស្រវឹងស្រាជោគ ជិះម៉ូតូជ្រុលទៅបុករថយន្ត Alphard បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

(ភ្នំពេញ)៖ បុរសម្នាក់ ក្នុងចំណោមអ្នករួមដំណើរទាំង៣ បានបាត់បងជីវិត ក្រោយពីបើកម៉ូតូទាំងស្ថានភាពស្រវឹងស្រា ដាបខ្លួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Alphard មួយគ្រឿង ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៩យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចបឹងកក់ ស្ថិតតាមបណ្តោយផ្លូវលេខ R8 កែងនិងផ្លូវR5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកជិះម៉ូតូទាំង៣នាក់មាន៖ ១.ឈ្មោះ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងសំណង់ ខាងលាបថ្នាំបៀក ស្នាក់នៅផ្ទះជួលម្តុំរង្វង់ខេមកូផ្លូវ598 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះ ២នាក់ទៀត មិនស្គាល់ឈ្មោះនោះទេ។ អ្នកទាំង ៣នាក់ បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AL-1753។ ចំណែកឯររថយន្តរងគ្រោះមានម៉ាក Alphard ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9188។

បើតាមប្រភពព័ត៌មាន ពីក្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញបុរស ៣នាក់ ជិះធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវខាងលើ ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក Alphard ឆ្លងផ្លូវពីជើងទៅត្បូង ក៏ត្រូវម៉ូតូបុកចំក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បោកផ្ទប់នឹងរថយន្តធ្លាក់បោកក្បាលនឹងថ្នល់ ហូរឈាមកក្លាក់ស្លាប់ភ្លាមៗ និងបុរស ២នាក់ទៀត សន្លប់ស្ដូកស្ដឹង។

ប្រភពដដែល បន្តទៀតថា ក្រោយករណីនេះកើតឡើង ភ្លាមៗរថយន្តបង្កបានបើករត់គេច ឆ្ងាយពីកន្លែងកើតហេតុបន្តិច ឈប់ចតហើយឃើញមានជនជាតិចិន ៣នាក់ ចុះរត់គេចខ្លួន នៅសល់តែបុរសជនជាតិខ្មែរម្នាក់ ដែលបើករថយន្តត្រឡប់មកឈប់ជិតកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុបុរសជាអ្នកបកប្រែ ដែលនៅក្នុងរថយន្តបង្កនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំចំណែកសពបុរសខាងលើ សាច់ញាតិដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី រីឯជនរងគ្រោះទាំងពីរនាក់ទៀត បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនសម្ភពពន្លឺ នៅសល់តែម៉ូតូនិងរថយន្ត ត្រូវកម្លាំងជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖ Micheal