BREAKING NEWS (Update): ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ព្រមព្រៀងជួបគ្នា​នៅខែឧសភា ប៉ុន្តែមិន​ទាន់កំណត់​កន្លែង​ត្រូវជួប!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ព្រមព្រៀងថា នឹងជួបគ្នានៅ​ខែឧសភាខាង​មុខនេះ ដើម្បីពិភាក្សា​ស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ នេះបើតាម បេសកជន​ពិសេស​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

បេសកជនពិសេស​កូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong)​ ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​​នៅឯ​សេតវិមាន នាឱកាស​បំពេញ​ដំណើរទស្សនកិច្ច​ក្នុង​សហរដ្ឋអាមេរិក។ លោក Chung បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពី​ការប្ដេជ្ញាចិត្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់​ការធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី​អាមេរិក ក៏បាននិយាយដែរថា លោកចង់ជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ខែឧសភា ដើម្បីលុបបំបាត់ជាអចិន្ត្រៃយ៍​នៃអាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែភ្លាមៗ បេសកជន​ពិសេស​រូបនេះ មិនបានបញ្ជាក់ពី​ទីកន្លែង ឬពេល​វេលា​ជាក់​ជាងនេះនោះទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​កាលពី​ថ្ងៃព្រហស្បតិ៍ បានអះអាងថា អាវុធនុយក្លេអ៊ែរ​របស់ខ្លួន គឺទុកតែសម្រាប់​ការពារខ្លួនពី ការឈ្លានពាន​ណាមួយរបស់​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ហើយថាខ្លួននឹង​ឈប់បាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីល បើសិនជា​ខ្លួនត្រូវបាន​ធានាសន្តិសុខ។ តែយ៉ាងណា​ក៏ដោយ គេនៅត្រូវរង់​ចាំអ៊ុតមើល​ស្ថានភាព នៅខែមេសា​ខាងមុខ នេះសិន ពោលគឺបើ​តាមការគ្រោងទុក​ ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងដឹកនាំ​ធ្វើសមយុទ្ធយោធា​ប្រចាំឆ្នាំ ដែល ទីក្រុងព្យុងយ៉ាង​ចាត់ទុកថា ជាការ​គំរាមកំហែង៕