កាំភ្លើង​និង​រថក្រោះ​នៅ​ចិន ត្រូវ​បាន​កែឆ្នៃ​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​

(បរទេស)៖ ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​ចិន​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​រាល់​និទាឃ​រដូវ នៅពេល​ដែល​ព្រៃឈើ​គឺ​ងាយ​នឹង​ឆាប់ឆេះ​ជា​អណ្តាលភ្លើង​។​

​យ៉ាងតិចណាស់​ភ្លើង​ឆេះ​ព្រៃ​ចំនួន​៨​កន្លែង បាន​កើតឡើង​ចាប់តាំងពី​ដើមឆ្នាំ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​៣០​នាក់ ដែល​បាន​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។​

​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិកា​រ​ពន្លត់អគ្គិភ័យ​និង​កាត់បន្ថយ​គ្រោះថ្នាក់​នោះ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បានចាប់ផ្តើម​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ ដូចជា​កាំភ្លើង​​ធំ​និង​រថក្រោះ​ដែល​ត្រូវបាន​កែឆ្នៃ​ជាពិសេស​ដើម្បី​ប្រើ​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។​

​យោង​តាម​ក្រុមហ៊ុន​Norinco​របស់​ចិន បានឱ្យដឹងថា កាំភ្លើង​ពន្លត់​អគ្គិភ័យ​ដែល​បាញ់​បាន​ឆ្ងាយ​ចំនួន​៨​គ្រឿង​ដែល​ត្រូវបាន​រចនា​និង​ផលិត​ឡើង​ឡើង​ដោយ​ក្រុមហ៊ុន​នេះ​​ត្រូវបាន​នាំ​ទៅដល់​ភូមិ​Guojiaping នៅ​ទីក្រុង​Changzhi ក្នុង​ខេត្ត​សាន់​ស៊ី​(Shanxi) កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា​តាម​សំណើ​របស់​ក្រុម​អាជ្ញាធរ​ខេត្ត​ដើម្បី​ជួយ​ពន្លត់ភ្លើង​​ឆេះ​ព្រៃ ដែល​បាន​ឆេះ​រាលដាល​ខ្លាំង​នៅ​ជិត​ភ្នំ​មួយ អស់​រយៈពេល​ពីរ​បី​ថ្ងៃ​មកនេះ​។

​ក្រុមហ៊ុន​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កាំភ្លើង​ទាំងនេះ​ត្រូវបាន​ប្រើ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បាញ់​គ្រាប់ផ្លោង​ដែល​ផ្ទុក​សារធាតុ​ម្សៅ​គីមី​ពន្លត់ភ្លើង​ទៅលើ​តំបន់​ភ្នំ​នោះ​។ ​ជាមួយ​នឹង​ជំនួយ​របស់​ពួក​គេ​នេះ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អាច​ពន្លត់ភ្លើង​ឆេះ​ខ្លាំង​នោះ​បាន​នៅ​ពេល​រសៀល​។​ក្រុមហ៊ុន​នេះ បាន​និយាយថា កាំភ្លើង​នេះ​បាញ់​បាន​ចម្ងាយ​៨​គីឡូម៉ែត្រ​៕​