ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០​មកដល់​ខេត្តតាកែវ​

(​តាកែវ​) ៖​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​សហការ​ជាមួយ​អនុគណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ខេត្តតាកែវ​រៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ ដែលមាន​ប្រតិភូ​កីឡា​សរុប​ចំនួន ៨១ មកពី​ជុំវិញ​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​។

​ក្នុង​ឳ​កាស​កម្មវិធី​បើក​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ ប្រចាំខេត្ត​តាកែវ​ក្រោម​អធិបតីភាព​លោក ហឿង សុ​ផុន អនុរដ្ឋលេខាធិការ​តំណាង​ឲ្យ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ក​កម្ពុជា​។​
​លោក ហឿង សុ​ផុន​បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ជា​អង្គ​ការមិន​រកប្រាក់​កម្រៃ មានការ​ទទួលខុស ត្រូវ​ក្នុងការ​អភិវឌ្ឍ​ចលនា​កីឡា​ជន​បញ្ញា​ខ្សោយ ទាំង​ក្មេង ទាំងចាស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក ជា​អង្គការ​សង្គម​កីឡា​ដែល​ទទួលបន្ទុក​ជនពិកា​រ​ខ្សោយសតិ បញ្ញា ឱ្យ​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចូលរួម​សកម្មភាព​ក្នុងសង្គម​តាមរយៈ​វិស័យ​កីឡា ដែល​ធ្វើ ឱ្យ​ពួកគាត់​ទទួលបាន​នូវ​សុខុមាលភាព និង​មាន​ភាពក្លាហាន មាន​បញ្ញា​ស្មារតី​រឹងមាំ សីលធម៌​ថ្លៃថ្នូរ និង​ភាព​រាក់ទាក់​ពី​សំណាក់​អាណាព្យាបាល និង​កីឡាករ កីឡាការិនី ដទៃទៀត និង​ជៀស​ផុតពី​ការ​រើស អើ​ង​ផ្សេងៗ​នៅក្នុង​សង្គម​។
​លោក​បន្តថា អង្គការ​នេះ ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​ការពង្រឹង និង​ពង្រីក​ចលនា​កីឡា​ជន​បញ្ញា ខ្សោយ​នៅតាម​បណ្តា​ខេត្ត​នានា​។ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​វ​ឌ្ឍ​ភាព​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​រាជធានី ខេត្ត គណៈកម្មាធិការ ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បានកំណត់​គោលដៅ​ការប្រកួត​ថ្នាក់​តំបន់​នៅតាម​បណ្តា ខេត្ត ដូចជា​ថ្ងៃនេះ​ស្រាប់ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​អនុគណៈ ក​ម្មា​ធិ​ការ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ខេត្តតាកែវ រៀបចំ​ការប្រកួត​ថ្នាក់​ខេត្ត​រវាង​ខេត្តតាកែវ កំពត និង​កំពង់ស្ពឺ ដើម្បី​ជ្រើសរើស​កីឡាករ​ឆ្នើម​ទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​។ ក្រៅពីនេះ យើង​បាន​សហការ ជាមួយ​អង្គការ សមាគម​នានា ដែល​បាន​គ្រប់គ្រង​ជនពិការ​ខ្សោយសតិ​បញ្ញា ដើម្បី​ផ្តល់ឱកាស​ដល់​ក្មួយៗ ជនពិការ​ខ្សោយសតិ​បញ្ញា​បាន​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​កីឡា ដែល​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ជនពិការ មិនតែប៉ុណ្ណោះ​យើង​មានច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់ សិទ្ធិ​ជនពិការ​ទៀតផង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ការវិវឌ្ឍ​នៅមានកម្រិត ដោយ​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ពឹង ផ្អែកលើ​ការជួយឧបត្ថម្ភ​ទាំង​សម្ភារៈ ថវិកា ពី​អង្គការ​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ជួយ​ជំរុញ លើកទឹកចិត្ត និង​ឧបត្ថម្ភ ថវិកា​ដល់​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់ អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូបង្វឹក​ជំនួយ ដែល​បាន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​មានចែង​នៅក្នុង​អនុក្រឹត្យ​៕ សម្រួល​ផ្សាយ​ដោយ​៖ ភូ​រៈ​