គោលដៅអេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក

(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅ សហគមន៍អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សហគមន៍ ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។ សហគមន៍ទាំង៤នេះ ជាសហគមន៍ដែលទើបតែបង្កើតថ្មី ហើយក៏ទើបតែបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោងផងដែរ ដែលទាមទារឱ្យមានការជួយអភិវឌ្ឍន៍ ដល់សហគមន៍បន្ថែមពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

បញ្ហានៅចំពោះមុខ ក្នុងសហគមន៍ទាំងនោះ រួមមាន៖ បញ្ហាខ្លះប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅកាន់សហគមន៍ បញ្ហាផ្លូវធ្វើដំណើរមិនទាន់ស្រួលបួល បញ្ហាបរិស្ថាន អនាម័យ និងសំរាម ខ្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីនធើណេតដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយ និងចំណុចខ្លះចន្លោះជាច្រើនទៀត។ ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតនេះ ក្រសួងទេសចរណ៍បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជួយអភិវឌ្ឍន៍រួមគ្នាជាកញ្ចប់ៗទៅដល់សហគមន៍ ដើម្បីឱ្យគោលដៅទេសចរណ៍សហគមន៍ទាំងនោះ មានការរីកចម្រើនប្រកបដោយចីរភាព នវានុវត្តន៍ និងការទទួលខុសត្រូវ។

រដ្ឋមន្ត្រីលោក​ ថោង ខុន បានឱ្យដឹងដែរថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារប្រាក់ចំណូល និងការអភិវឌ្ឍនៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះ ស្ថិតក្រោមក្រសួងណាឡើយ។ តួយ៉ាងដូចក្នុងករណីរបស់ សហគមន៍តំបន់ការពារធម្មជាតិ រលាក់កងជើងរបស់ក្រសួងបរិស្ថាន សហគមន៍នេសាទផាត់សណ្ដាយ របស់រដ្ឋបាលជលផល សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍របស់រដ្ឋបាលព្រៃឈើ និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានការចូលរួមរបស់ក្រសួងពាក់ព័ន្ធជាច្រើន។

រដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួន ជូនដល់អង្គប្រជុំ ក៏ដូចជាក្រុមការងារអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ក្នុងនោះរួមមាន៖ លេខាធិការដ្ឋានត្រូវសម្របសម្រួល ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនសហគមន៍ខាងលើ។ ឯកភាពក្នុងការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ប៉ុន្តែស្នើសុំរៀបចំតាមស្មារតីអង្គប្រជុំ និងស្ថានភាពជាក់ស្ដែង ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ លេខាធិការដ្ឋានត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ គោរពជូន រាជរដ្ឋាភិបាលដើម្បីជ្រាប និងផ្តល់អនុសាសន៍ណែនាំ ក្រុមការងារត្រូវខិតខំរៀបចំកិច្ចប្រជុំក្រុមការងារលើកទី៦ យ៉ាងយូរ៦ខែទៀត ដើម្បីជំរុញការដោះស្រាយបញ្ហានានារបស់សហគមន៍ ដូចដែលយើងបានដាក់ចេញនាកិច្ចប្រជុំលើកទី៥ នេះ៕ (ដោយ៖ ពិជ័យបុត្រ)