ប្រទេសស្រីលង្ការ បញ្ជាឲ្យបញ្ឈប់ ការសម្លាប់សត្វគោ

(អន្តរជាតិ)៖ ការធ្វើពិឃាតទៅលើអាយុជីវិតសត្វគោ នឹងត្រូវបានបញ្ឈប់នៅពេលដ៏ខ្លីខាងមុខនេះ នៅក្នុងប្រទេសស្រីលង្ការ។

មូលហេតុសំខាន់គឺ ដោយសារតែការពិឃាតសត្វគោ បានធ្វើឲ្យប៉ះបាល់ទៅលើឥទ្ធពលនៃអ្នកកាន់សាសនាព្រះពុទ្ធនៅក្នុងប្រទេសមួយនេះ។

រដ្ឋាភិបាលបាននិយាយថា បម្រាមនេះ ក៏អាចជួយបង្កើនចំនួនសត្វគោនៅក្នុងប្រទេស សម្រាប់បម្រើឲ្យការងារកសិកម្មផងដែរ។

ប្រទេសឥណ្ឌា ដែលនៅក្បែរខាងប្រទេសស្រីលង្ការ ក៏បានដាក់បម្រាមការសម្លាប់គោផងដែរ ដោយសារវាប៉ះបាល់ទៅដល់ជំនឿអ្នកកាន់សាសនាហិណ្ឌូ ហើយដែលមកដល់ពេលនេះ ចំនួនសត្វគោបានកើនឡើងយ៉ាងសន្ធឹកសន្ធាប់រហូតដល់ដើរពាសវាល ពាសកាលបង្កឲ្យមានបញ្ហាស្ទះចរាចរណ៍តាមដងផ្លូវជាញឹកញាប់។

នៅក្នុងប្រទេសស្រីលង្ការ ឧស្សាហកម្មសាច់គោ បានធ្លាក់ចុះពី២៩.៨៧០តោនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បើធៀបនឹងបណ្តាឆ្នាំកន្លងទៅមានប្រមាណ៣៨.៧០០តោន។

ការប្រកបរបរសម្លាប់គោយកសាច់នៅក្នុងប្រទេសស្រីលង្ការ ត្រូវបានធ្វើឡើងដោយពួកមូស្លឹម ដែលមានប្រមាណ១០%នៃចំនួនប្រជាជនស្រីលង្ការទាំងអស់២១លាននាក់ នៅក្នុងប្រទេសនេះមានអ្នកកាន់ព្រះពុទ្ធសាសនាប្រមាណ៧០% និង១២,៥%ទៀតកាន់សាសនាហិណ្ឌូ៕ ដោយ៖សារឹទ្ធ(Micheal)