សង្រ្កាន​ឆ្នាំនេះ ថៃ​លុបចោល​កម្មវិធី​បាញ់​ទឹក​លើ​ផ្លូវ​ល្បី​មួយ​នៅ​បាងកក

ប្រទេសថៃ៖កម្មវិធី​សង្រ្កាន​នៅ​បាងកក ប្រទេស​ថៃ​ឆ្នាំនេះ នឹង​មាន​លក្ខណៈតូច​ជាងមុន ដោយសារ​ចំពេល​ដែល​ប្រទេស​នេះ កំពុង​រៀបចំ​កម្មវិធី​ឡើង​គ្រង​រាជសម្បតិ្តជាផ្លូវការ​របស់​ព្រះ​មហាក្សត្រ​ថៃ។

ជារៀងរាល់​ឆ្នាំ ថៃ​តែង​ប្រារព្ធ​កម្មវិធី​សង្រ្កាន​ចូលឆ្នាំថ្មី ពីថ្ងៃ​ទី១៣ ដល់ទី១៥ ខែមេសា ដោយ​មាន​​មនុស្សម្នា​ចូលរួម​បាញ់​ទឹក​លេង​កម្សាន្ត​យ៉ាង​កកកុញ​នៅ​បាងកក ជា​ពិសេស​គឺ​នៅផ្លូវ Khaosan Road។

យ៉ាងណាក្ដី ដោយសារ​ពិធី​អភិសេក​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn នឹង​ធ្វើ​ឡើង​ពីថ្ងៃទី៤ ដល់ទី ៦ ខែឧសភា ទើប​កម្មវិធី​បាញ់​ទឹក​នៅផ្លូវ Khaosan ត្រូវ​លុបចោល​នៅឆ្នាំនេះ។

លោក Piyabutr Jiwaramonaikun ប្រធាន​សមាគម​អាជីវកម្ម​ប្រចាំ​ផ្លូវ Khaosan បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ “អាជ្ញាធរ​កំពុង​រៀបចំ​កម្មវិធី​ឡើង​គ្រង​រាជសម្បត្តិ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​តំបន់​ផ្លូវ Khaosan នេះ​តែម្ដង ដូច្នេះ​បើ​យើង​រៀបចំ​កម្មវិធី​សង្រ្កាន​ដូច​រាល់​ឆ្នាំ វា​នឹង​បង្ក​ភាព​រញ៉េរញ៉ៃ”។

លោក​បន្ថែមថា ហាង​នានា​នឹង​នៅ​តែ​បើក​លក់​ជាធម្មតា តែ​មិន​មាន​កម្មវិធី​ផ្ដល់​ទឹក​ និង​ម្សៅ​ប៉ាត​ដោយ​សេរី​ដល់​សាធារណជន​នោះទេ។

លោក Piyabutr បាន​បញ្ជាក់ជា​ចុងក្រោយ​ថា ព្រះរាជពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះ​មហាក្សត្រ​ថៃ ​ជា​ព្រឹត្តិការណ៍​ធំបំផុត​សម្រាប់​ប្រជាជន​ថៃ នា​ឆ្នាំ២០១៩ ដូច្នេះ​អ្នក​រក​ស៊ី​ និង​ប្រជាជន​គ្រប់​គ្នា​សុខ​ចិត្ត​លះបង់៕