តាប៊ុយ ធ្វើឲ្យមហាជនចាប់ផ្តើមមានមន្ទិល ពីទំនាក់ទំនងជាមួយ មាន សូនីតា

(ភ្នំពេញ)៖ ពិធីករ និងជាអ្នកដឹកនាំកម្មវិធី លោក តាប៊ុយ នៅសុខៗស្រាប់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើទំនាក់ទំនងលោក ជាមួយតារាសម្តែងស្រី កញ្ញា មាន សូនីតា ក្រោយពីលោកបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលមានរូបភាពស្និទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី។

ជាការពិតនាពេលកន្លងមក តារាប្រុសស្រីទាំង២ដួងនេះ មិនដែលបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នា ឫធ្វើឲ្យមហាជនមានមន្ទិលសង្ស័យថា អ្នកទាំង២អាចមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយគ្នាឡើយ ទើបតែពេលនេះនៅសុខៗ លោក តាប៊ុយ ហាក់មានចេតនារំលេចរូបថតជាច្រើនសន្លឹក និងបានបង្ហាញសារខ្លី ធ្វើឲ្យមហាជននិងអ្នកគាំទ្រខ្លះមានមន្ទិលថា អ្វីដែល លោកបង្ហាញជាការពិតឫគ្រាន់តែជាចេតនាមួយ ចង់ទាក់ទាញការចាប់អារម្មណ៍ ហើយបើនិយាយថាអ្នកទាំង២ មានទំនាក់ទំនងជាមួយគ្នា មើលទៅក៏ដូចជាមិនមែនជាការពិតឡើយ ។

សារដែល លោក តាប៊ុយ សរសេរនោះមានភ្ជាប់ មកជាមួយនិងរូបថតស្វីតៗ មានន័យថា “សមគ្នាឬសមមុខ?,ម្តងគេម្តងយើង ហាម ច្រនែន ,,,” ក្រោយបង្ហោះរូបស្វីតៗមិនបានប៉ុន្មានផង ក៏ស្រាប់តែមានការចែករំលែករូបថតនោះជាច្រើន ហើយក៏មានការ Comment ជូនពរខ្លះ Comment លាតត្រដាងថាគ្រប់យ៉ាងដែលបង្ហាញ មិនមែនជាការពិតគ្រាន់ តែជាការសម្តែងជាដើម។ ទោះបីជាយ៉ាងណា សាម៉ីខ្លួនទាំង២មិនបានចេញមុខបកស្រាយអ្វីឡើយ គិតមកដល់ព្រឹកនេះ៕( ដោយ៖ ពិជ័យបុត្រ)