អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំបូកសរុប ការវាស់វែងរបស់ក្រុមការងារ និងសិក្សាផលប៉ះពាល់សំណង់

(ភ្នំពេញ)៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំ បូកសរុបការវាស់វែងរបស់ក្រុមការងារ និងសិក្សាផលប៉ះពាល់សំណង់ ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ឱ្យកាន់តែមានភាពប្រសើរឡើងវិញ ។

លោក ទៀ សីហា ក៏បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវវាស់វែងឱ្យប្រព្រឹត្តទៅបានរលូន និងស្របតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែម ដល់ក្រុមការងារទាំងអស់ត្រូវធ្វើរបាយការណ៍ជាប្រចាំ អំពីលទ្ធផលវាស់វែង និងផលប៉ះពាល់ទាំងអស់ ដើម្បីធ្វើការបូកសរុបរបាយការណ៍ស្តីពីផលប៉ះពាល់ ជូនគណៈកម្មការអន្តរក្រសួង។

នាឱកាសនេះដែរ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តគម្រោងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវ ដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំ ក្នុងការរុះរើសំណង់របស់ខ្លួនចេញឱ្យទាន់ពេលវេលា។

ក្នុងនាមក្រុមការងារអន្តរក្រសួង ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្តបានស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕ (ដោយ៖ ពិជ័យបុត្រ)