ក្ដុកក្ដួល! ខេម រៀប​រាប់​រឿង​កម្សត់​កម្រ ដែល​នាំ​ឲ្យ​ខ្លួន​ដឹង​គុណ យូឌីស្កូ ដល់​សព្វ​ថ្ងៃ

ក្នុង​សមាគម​សិល្បករ​ទាំង​មូល អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​និយាយ​ថា​ តារា​ចម្រៀង​ ខេម គឺ​ជា​អ្នក​ដែល​ឈឺឆ្អាល និង​ដុត​ដៃ​ដុត​ជើង​ជាង​គេ ក្នុង​ការ​បំផុស​ឲ្យ​មាន​ការ​បង្កើត​មូលនិធិ​សម្រាប់​ជួយព្យាបាល​ជំងឺ​របស់​លោក យូឌីស្កូ។ ជុំ​វិញ​រឿង​រ៉ាវ​នេះត្រូវ​បាន​ ខេម​ ផ្ទាល់ អះអាង​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​ថា នេះ​ដោយ​សារ​លោក​នឹក​គុណ​ដល់​រៀម​ច្បង​​ធ្លាប់​ជួយ​លោក​កន្លង​មក​។

តារា​សំឡេងស្អក​​រម្លឹកថា កាល​ពី​ឆ្នាំ​ពី​២០០៧​ ពោល​គឺ​ក្រោយ​លោក​ជាប់​ជយលាភី​ក្នុង​កម្មវិធី​ Boy Band លោក​បាន​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ដែល​កាល​ណោះ​ គឺ​លោក​ យូឌីស្កូ នេះ​ហើយ​ដែល​ជួយ​​មើល​ថែ និង​ទំនុក​បម្រុង​ទម្រាំ​ខ្លួន​ជា​សះ​ស្បើយ​ឡើង​វិញ។

លោក​ យូ ឌីស្កូ ពេល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

“​កាល​ជាប់​ជយលាភី​ដំបូងៗ​ ជីវភាព​ខ្ញុំ​ពិបាក​ណាស់ តែ​ពេល​នោះ​មាន​បង​ យូ ឌីស្កូ បាន​ទិញ​អាហារ​មក​សួរ​សុខ​ទុក្ខ​មើល​ថែ ហើយ​ខ្ញុំ​ទំពា​អាហារ​មិន​បាន​គាត់​យក​ម៉ាស៊ីន​ទឹក​ក្រឡុក មក​កិន​ឲ្យ​ហូប​ទៀត ដែល​ពេល​នោះ​ខ្ញុំ​មិន​ទាន់​ល្បី​ផង គឺ​ពិត​ជា​រំភើប​ណាស់​ដែល​គាត់ធ្វើបែប​នេះ​ចំពោះ​ខ្ញុំ”។ ខេម រៀប​រាប់។

ជា​មួយ​ការ​បង្កើត​​មូលនិធិ​នេះ លោក​សង្ឃឹម​ថា​សប្បុរស​ជន​ទាំង​ឡាយ​អាច​​ជួយ​គ្នា​មួយ​ដៃ​មួយ​ជើង​ ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ព្យាបាល​តារា​ចម្រៀង​ចាស់​វស្សា​នេះ​បាន ត្បិត​លោក​ពិត​ជា​ស្ដាយ​អ្នក​មាន​សមត្ថភាព​រូប​នេះ​ណាស់។

លោក​ យូ ឌីស្កូ គឺ​ជា​អតីត​​មេ​ក្រុម​ចម្រៀង​តោមាស ក្នុង​ផលិត​កម្ម​រ៉ៃ​មាស និង​ជា​តារា​បង្ហាញ​ម៉ូដប្រុស​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​​បាន​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​​តាំង​ពី​ចុង​ឆ្នាំ​២០១៧ ដោយជំងឺ​ទឹក​នោម​ប្រៃ និង​ខូច​ក្រលៀន​ទាំង​សង​ខាង​ ដែល​តម្រូវ​ឲ្យ​លោក​លាង​ឈាម​ជា​រៀង​រាល់​២​ដង​ក្នុង​មួយ​សប្ដាហ៍។ នៅ​វេលា​ខ្សោះ​ខ្សោយ​នេះ មេ​គ្រួសារ​ដែល​មាន​ម្ដាយ និង​ប្អូន​ជា​ច្រើន​នាក់​នេះ ​ត្រូវ​ការ​ប្រាក់​​ចំនួន​៥ម៉ឺន​ដុល្លារ​សម្រាប់​ទៅព្យាបាល​នៅ​ប្រទេស​ឥណ្ឌា៕​

រូប​លោក​ យូឌីស្កូ កាល​ពី​មិន​ទាន់​ធ្លាក់​ខ្លួន​​ឈឺ នៅ​ឆ្នាំ​២០១៦