លក្ខណៈសម្បត្តិខ្លះរបស់Google Pixel 4a 5G ដែលត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការកាលពិម្សិលមិញ

នៅទីបំផុត Google Pixel បានឈានចូលយុគសម័យ 5G ដោយបានដាក់បង្ហាញម៉ូដែលថ្មីចំនួនពីរដែលទូរស័ព្ទទាំងពីរនេះនឹងស្ថិតនៅក្នុងចំណោមទូរស័ព្ទដំបូងដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 11 ។ នៅក្នុងអត្ថបទនេះ​យើង​នឹង​លើកយក​ទូរសព្ទ​ម៉ូឌែល Pixel 4a មកបង្ហាញ។

លើកនេះ Pixel 4a 5G បំពាក់មកជាមួយអេក្រង់លាតទំហំ 6.2 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ (2340 x 1080 ភិចស៊ែល) លើសពី Pixel 4a ម៉ូឌែល 4G ដែលមានអេក្រង់ត្រឹមតែ 5.8 អ៊ីញប៉ុណ្ណោះ។ ចំពោះផ្នែកកម្លាំងម៉ាស៊ីន Pixel 4a 5G ប្រើប្រាស់បន្ទះឈីប Snapdragon 765G ខណៈដែល Pixel 4a ម៉ូឌែល 4G ប្រើប្រាស់បន្ទះឈីប Snapdragon 730G។

ផ្នែកកាមេរ៉ា Google Pixel 4a 5G បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP ជាលេនទម្លុះអេក្រង់ និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 12.2MP និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide) 16MP។ Pixel 4a 5G កើតមកជាមួយថាមពលថ្មទំហំ 3,885mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W និងរន្ធដោតកាស 3.5mm ក៏ដូចជាជម្រើសពណ៌ខ្មៅ និងពណ៌សផងដែរ។

Google Pixel 4a 5G បង្ហាញខ្លួនមកលើកនេះនាំមកដោយអេក្រង់ធំជាងមុន កម្លាំងម៉ាស៊ីនលឿនជាងមុន និងមានតម្លៃថ្លៃជាងមុនខ្ទង់ប្រហែលជា 150 ដុល្លារ នេះបើប្រៀបធៀបជាមួយ Pixel 4a ម៉ូឌែល 4G។ សម្រាប់ទំហំ RAM និងទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន Pixel 4a 5G និង Pixel 4G ម៉ូឌែល 4G មិនមានភាពខុសគ្នានោះទេ ដោយពួកវាទាំង 2 បានភ្ជាប់មកជាមួយ RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB ដូចគ្នា។

ដោយ៖ Vireak

ប្រភព៖ GSMAreana