លក្ខណៈសម្បត្តិខ្លះរបស់Google Pixel 5 5G ដែលត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការកាលពិម្សិលមិញ

កាលពីម្សិល​មិញ Google បាន​ប្រកាស​ចេញ​ទូរសព្ទឆ្លាត 5G ចំនួន​ពីរគឺ Pixel 4a និង​Pixel 5។ Pixel 5 គឺមិនមានអ្វីប្លែកទៀតទេ ព្រោះត្រូវបានគេរចនាមកស្រដៀងគ្នានឹង Pixel 4 នៅផ្នែកក្រោយ ខណៈខាងមុខវិញ គឺស្រដៀងគ្នាជាមួយ Pixel 4a កន្លងទៅ។
ដំបូងសូមលើកយក​ផ្នែករូបរាងមកនិយាយ នៅខ្នងខាងក្រោយរបស់វា ស្រោបដោយអាលុយមីញ៉ូម ដោយមានសេនស័រស្កេនស្នាមម្រាមដៃ នៅក្រោមកាមេរ៉ារាងការ៉េនោះ ខណៈពេលខាងមុខវិញ វាមានគែមអេក្រង់លាតកប់ទាំង 4 ជ្រុង ក្រាលការពារដោយកញ្ចក់ Gorilla Glass 6 ស្របគ្នានេះ វាក៏មានលេនទំលុះអេក្រង់មួយគ្រាប់ នៅផ្នែកខាងឆ្វេងនៃតួខ្លួនផងដែរ។ Pixel 5 បានបំពាក់អេក្រង់ទំហំ 6 អ៊ីញប្រភេទ OLED មានកម្រិតបង្ហាញ FHD+ (2340 x 1080 ភិចសែល) មានកម្រិតសមាមាត្រ 19.5:9 និងមានកម្រិត Refresh Rate 90Hz ដូចជំនាន់មុនដែរ។

ទៅលើផ្នែកកាមេរ៉ាវិញ វានៅតែមានចំនួន 2 គ្រាប់ ប៉ុន្តែលើកនេះ វាមានលេនគោលទំហំ 12.2MP ដោយមានមុខងារទប់លំនឹងទាំង OIS និង EIS មកជាមួយ ខណៈពេលមួយគ្រាប់ទៀតគឺជាលេនទូលាយ Ultra-Wide ទំហំ 16MP ដែលអាចថតប្លង់ទូលាយ 107 ដឺក្រេ ចំណែកកាមេរ៉ាមុខមួយគ្រាប់នោះវិញ គឺមានទំហំ 8MP។

និយាយដល់​ផ្នែកកម្លាំងម៉ាស៊ីនវិញ Pixel 5 បានប្រើប្រាស់ឈីបលំដាប់បង្គួរ Snapdragon 765G អាចគាំទ្រជាមួយ 5G បាន ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុក 128GB ប្រភេទ UFS 2.1 ហើយបើសិនជាអ្នកប្រើចង់ដាក់អង្គផ្ទុកពីខាងក្រៅបន្ថែមនោះ គឺមិនអាចទៅរួចឡើយនៅលើទូរសព្ទឆ្លាតម៉ូឌែលនេះ។ សម្រាប់ថាមពលថ្ម Google បានបំពាក់ថ្មឲ្យវាទំហំ 4,000mAh គាំទ្រកម្លាំងសាកល្បឿនលឿន 18W ហើយកាន់តែពិសេសនោះ វាក៏អាចគាំទ្រមុខងារសាកថ្មឥតខ្សែ និងមុខងារចែករំលែកថាមពលថ្ម ទៅឲ្យឧបករណ៍ដទៃទៀត ដោយមិនប្រើខ្សែបានដូចគ្នា។ សម្រាប់ចំណុចពិសេសរបស់វាផ្សេងទៀតមានដូចជា វាមានភ្ជាប់មកជាមួយ Speaker 2 គ្រាប់, មានអាវក្រោះការពារពេញលេញកម្រិត IP68 មួយវិញទៀតនោះ ដោយសារតែមានទំហំខ្លួនតូច ដូច្នេះទម្ងន់របស់វាក៏ស្រាលតាមនឹងដែរ ដោយត្រឹមតែ 151 ក្រាមប៉ុណ្ណោះ។ ទៅលើផ្នែកតម្លៃវិញ គឺមានតែមួយជម្រើសប៉ុណ្ណោះខ្ទង់699 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ ចំណែកឯពេលវេលា ដែលមានលក់ទូទៅលើទីផ្សារនោះ គឺចាប់ពីពាក់កណ្ដាលខែក្រោយទៅតែម្ដង។

ដោយ៖ Vireak

ប្រភព៖ GSMAreana