អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីមួយចំនួន ត្រូវបានដាក់វិន័យរដ្ឋបាល និងទណ្ឌកម្ម ក្នុងករណីបណ្តែតបណ្តោយឲ្យមានការកាប់ទន្ទ្រានដីព្រៃ

(ភ្នំពេញ)៖ តាមប្រភពព័ត៌មាន មួយចំនួនបានឲ្យដឹងថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីធំៗមួយចំនួនសរុបចំនួន៩នាក់ ត្រូវបានថ្នាក់លើដាក់វិន័យរដ្ឋបាល និងទណ្ឌកម្ម ទាក់ទងករណីបណ្តែតបណ្តោយអោយមានការកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ ​ថ្លែងប្រាប់សារព័ត៌ មានថា ក្រុម​ការងារ​អន្តរក្រសួង​បាន​បំពេញ​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ខេត្ដ​មណ្ឌលគិរី ប្រកប​ដោយ​តម្លាភាព សុចរិតភាព និង​មាន​ភស្តុតាង​ គ្រប់គ្រាន់ ។ នាយឧត្តមសេនីយ៍បន្តថា យើង​មាន​គោលការណ៍​អស់ហើយ ​ប៉ុន្ដែ​នៅពេល​ណា​យើង​មិនទាន់​ទទួល​បាន​ការអនុវត្ដ​ប្រកាស​ឲ្យ​ធ្វើ យើង​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បានដែរ​ តែវា​មិនមែន​ជា​ការលាក់កំបាំងអ្វីនោះ​ទេ​ ។

មន្ត្រីដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាលនិងទណ្ឌកម្មមានដូចជា
ទី១,លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំ អោយខិតខំអនុវត្តតួនាទីអោយបានល្អប្រសើរឡើងវិញ ។

ទី២,លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែង និង អោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៣,លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែងនិងអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៤,លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យរដ្ឋបាល ។

ទី៥,លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ ។

ទី៦,លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និង ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង ។

ទី៧,លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៨,លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៩,លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។

គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី” ។ ក្រុមការងារនេះ មានតួនាទី ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អោយបានជាក់ស្តែង និង ប្រមូលឯកសារ និង ភស្តុតាង នានា ពាក់ព័ន្ធជាមួយមន្ត្រី និង អ្នកពាក់ព័ន្ធសកម្មភាព ទាំងនោះ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ព្រមទាំងរៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ។

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជ រដ្ឋាភិបាលកម្ពុជា បានឯកភាព​លើ​លទ្ធផល​របស់​ក្រុម​ការងារ​អន្តរក្រសួង​ចំពោះ​ការចុះ​ស្រាវជ្រាវ​ករណី​កាប់​រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី រួចហើយ៕ ដោយ: ភក្តី(Micheal)