ការស្ទង់មតិ​របស់ Pew បង្ហាញ​ថា កេរ្តិ៍ឈ្មោះ​អាមេរិក​លើ​ឆាក​អន្តរជាតិ​ធ្លាក់ចុះ​ ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ

(អន្តរជាតិ)៖ យោងតាមការស្ទង់មតិ​របស់​មជ្ឈម​ណ្ឌល​ស្រាវ​ជ្រាវ​ Pew ដែល​មិន​ប្រកាន់​គណបក្ស បានឲ្យដឹងថា កេរ្តិ៍ឈ្មោះ​សហរដ្ឋ​អាមេរិក ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​ ​បានធ្លាក់ចុះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ចាប់​តាំង​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ​ក្នុង​ឆ្នាំ​២០១៦​មក​ ។

តាម​ការ​ស្ទង់​មតិ​មួយ ​ដែល​មាន​ប្រទេស​ចំនួន១៣ ​ចូលរួម ហើយ​ដែល​បានធ្វើ​ឡើង​ដោយមជ្ឈ​មណ្ឌលស្រាវ​ជ្រាវអាមេរិក ​Pew បាន​រក​ឃើញ​ថា​ មានអ្នក​ឆ្លើយ​តប​ក្នុងការ​ស្ទង់មតិ​ក្នុង​ប្រទេស​អង់គ្លេស ចំនួន​តែ ​៤១%​ ប៉ុណ្ណោះ​ ដែល​មាន​ទស្សនៈគាំ​ទ្រ​សហរដ្ឋ​អាមេរិក ដែល​នេះជា​ចំនួន​ភាគរយ​គាំទ្រ​ដ៏តិច​បំផុត​ បើ​ប្រៀប​ធៀប​ជា​មួយ​ការស្ទង់​មតិ​មុនៗ ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ។ ដោយ​ឡែក​ នៅ​ក្នុង​ប្រទេស​បារាំង​វិញ​ មានពលរដ្ឋ​បារាំង​ប្រមាណ​តែ ​៣១%​ ប៉ុណ្ណោះ ​ដែល​បាន​ឆ្លើយ​គាំទ្រ​សហរដ្ឋ​អាមេរិក​ ដែល​ចំនួន​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹងលទ្ធផល​នៃ​ការ​ស្ទង់​មតិ ​កាលពី​ខែ​មីនា ​ឆ្នាំ​២០០៣ ​ដែរ​ ដែល​កាល​នោះប្រទេស​ទាំង​ពីរ​មាន​ភាព​តាន​តឹង​ជា​មួយ​គ្នា​ ជុំ​វិញ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ នេះ​បើ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការស្ទង់​មតិរបស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ Pew ។ ការ​ស្ទង់​មតិ​នោះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ការ​ចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅ​លើ​ឆាក​អន្តរ​ជាតិ ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​និង​ដៃគូរ​នោះ គឺពាក់​ព័ន្ធ​ទៅ​នឹង​ចំណាត់​ការ​របស់​ខ្លួន ចំពោះ​វិបត្តិ​វីរុសកូរ៉ូណា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។​

មាន​ប្រទេស​ចំនួន​តែ​ ១៥% ប៉ុណ្ណោះ​ ដែល​បាន​ចូល​រួម​ក្នុង​ការស្ទង់​មតិ​នេះ​ ដែលឆ្លើយ​គាំទ្រ ​និង​ផ្តល់​ពិន្ទុ​ល្អ​ដល់​ចំណាត់​ការ​ ជុំ​វិញ​រឿង​ជំងឺ​រាតត្បាត​កូវីដ​១៩នោះ ។ ប្រទេសភាគ​ច្រើន បាន​និយាយ​ថា ​អង្គការ​សុខភាព​ពិភព​លោក ​និង​សហភាព​អឺរ៉ុប​ ​ធ្វើ​ការ​ងារ​បានល្អ​ប្រសើ​រ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​ ។​ ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​ លើក​លែង​តែសហរដ្ឋ​អាមេរិក​ និង​ប្រទេស​អង់គ្លេស​ចេញ បាន​ផ្តល់​ពិន្ទុ​វិជ្ជមាន​ដល់​រដ្ឋាភិបាលរបស់​គេ ក្នុង​ការ​ទប់​ស្កាត់ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ។ ទោះ​បី​ជា​មានប្រទេស​តិច​តួច ដែល​ជឿ​ជាក់​ថា​ ប្រទេស​ចិន​ធ្វើ​ការ​ងារ​ដោយ​មានប្រសិទ្ធិភាពក្នុង​ការ​ទប់​ស្កាត់​នៃ​ជំងឺកូវីដ១៩ក្តី ក៏ប្រទេស​ចិន​នៅ​តែទទួល​បាន​ពិន្ទុ​ប្រសើរ​ជាងប្រទេសអាមេរិក ។ ប្រទេស​ប៊ែល​ហ្សិក បាន​វាយ​តម្លៃលោក ​ត្រាំ​ ក្នុងន័យ​អវិជ្ជមាន​ខ្លាំង ដោយ​មាន​សំឡេង​តែ ​៩% ​ប៉ុណ្ណោះ​ ​ដែលផ្តល់​ជំនឿ​ចិត្តដល់លោក​ ត្រាំ​ ។ ប្រទេ​ស​ជប៉ុន បាន​វាយ​តម្លៃ​លោក ​ត្រាំ ​ក្នុង​ពិន្ទុ​ខ្ពស់​បំផុត​ ដោយ​ ១ភាគ៤​ នៃ​អ្នក​ឆ្លើយ​សំណួរ​ បាន​បង្ហាញពី​ជំនឿ​ចិត្ត​លើ​លោក ​ត្រាំ ។ ឥរិយាបទ​របស់​ប្រទេសលើ​ពិភព​លោកចំពោះ​លោក​ ត្រាំ​ ​តែង​តែ​មាន​លក្ខណៈទាបជាង​ បើ​ប្រៀប​ធៀប​នឹង​អតី​ត​ប្រធានាធិបតី​ លោក Barack Obama ជា​ពិសេសក្នុង​ប្រទេស​អឺរ៉ុប​ខាង​លិច​ នេះ​បើ​តាមលទ្ធ​ផល​នៃ​ការ​ស្ទង់​មិតិ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ត្រាំ​ ត្រូវបាន​គេមើល​ឃើញ​ថា មាន​ការ​ចូលចិត្ត​ច្រើនក្នុង​ចំណោម​ពលរដ្ឋ​អឺរ៉ុប​ ដែល​មាន​ទស្សនៈ​ប្រកាន់​គណបក្សស្តាំ​និយម ។

ទោះ​ជា​ដូច​នេះក្តី ​ទំនុក​ចិត្ត​ដែលគេ​មាន​ចំពោះ​លោក​ ត្រាំ ក៏​នៅតែមានកំរិត​ទាបនៅ​ឡើយ​ ។ មជ្ឈមណ្ឌលស្រាវជ្រាវ​ Pew​ កត់​សម្គាល់​ឃើញ​ថា ​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស Vox ក្នុង​ប្រទេស​អេស្ប៉ាញ​ចំនួន​ ៤៥% មាន​ភាព​ជឿ​ជាក់​លើសមត្ថភាព​ដឹក​នាំ​របស់​លោក ​ត្រាំ​ ក្នុង​ការ​ចាត់​ចែង​បញ្ហា​ពិភព​លោក​ ដែល​ចំនួន​នេះ គឺ​ខ្ពស់​ជាង ​៧%​ នៃ​ចំនួន​ពលរដ្ឋ​អេស្ប៉ាញ​ទូទៅ ដែល​មិន​គាំ​ទ្រ​គណបក្ស Vox នោះ ។ លោក ​ត្រាំ មាន​ចំណាត់​ថ្នាក់នៅចុង​ក្រោយ​គេ​ បើ​ប្រៀប​ធៀប​ជា​មួយមេ​ដឹក​នាំ​ពិភព​លោកចំនួន​ ៦​នាក់ នៅ​ក្នុងការ​ស្ទង់​មិតិ​នោះ ។ អ្នក​ឆ្លើយ​តប​ចំនួន ​៨៣% និយាយ​ថា​ ពួក​គេ​មិនមាន​ទំនុក​ចិត្ត​ដែល​ថា ​លោក ​ត្រាំ ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ទាក់​ទងនឹងកិច្ច​ការ​ពិភព​លោក​នោះទេ​ ដែល​ចំនួន​នេះ​ គឺ​ខ្ពស់​ជាង​ប្រធានាធិបតី​ចិនលោក ​Xi Jinping​ ​ដែល​ការ​មិនទុក​ចិត្តមាន​ចំនួន​ ៧៨% ហើយ​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin ​ការមិន​ទុក​ចិត្ត​មានប្រមាណ ​៧៣% ។ សេតវិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ ទៅ​នឹងលទ្ធផល​នៃ​ការ​ស្ទង់​មតិនោះ​ទេ​ ប៉ុន្តែ​លោក​ ត្រាំ​ ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ លោក​ធ្វើ​ការ​ងារ​បាន​ល្អ​ ក្នុងការ​ទប់​ទល់​វិបត្តិ​វីរុស​កូរ៉ូណា ​។ ទោះ​បីជា​លោក​អះ​អាង​យ៉ាង​នេះ​ក្តី សហរដ្ឋ​អាមេរិកនៅ​តែស្ថិត​នៅជា​ប្រទេស​នាំ​មុខ​គេ​ ដែល​មាន​អ្នក​ឆ្លង ​និង​អ្នក​ស្លាប់ច្រើន​ជាង​គេ​បំផុត​ដោយសារ​ជំងឺ​កូវីដ​១៩​ ​ក្នុង​ចំណោមប្រទេស​នានា​នៅ​លើ​ពិភព​លោក ។

ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​សារព័ត៌មាននៅសេតវិមាន​ កាល​ពីខែ​មុន​ លោក ​ត្រាំ បាន​ថ្លែង​ថា​៖ «នៅ​ពេល​ដែល​អ្នក​មើលឃើញ​ការ​ងារ​ដែល​យើង​បាន​ធ្វើ​ ហើយ​ប្រៀប​ធៀប​ទៅ​ប្រទេសដ៏ទៃ​ មានន័យថា ​យើង​ធ្វើ​ការ​ងារ​បាន​ល្អ​ណាស់» ។ លទ្ធផល​រក​ឃើញ​តាម​រយៈ​ការ​ស្ទង់​មតិ​របស់​មជ្ឈម​ណ្ឌល​ស្រាវ​ជ្រាវ Pew គឺ​ផ្អែក​លើ​អ្នក​ឆ្លើយ​តប​ចំនួន ​១៣.២៧៣​ នាក់​ ដែល​បាន​ធ្វើ​ឡើង ក្នុងចន្លោះ​ពី​ថ្ងៃ​ទី ​១០ ​ខែ​មិថុនា ដល់​ថ្ងៃទី​៣ ​ខែ​សីហា ។​ អ្នក​ឆ្លើយ​តប​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ប៊ែលហ្សិក​ កាណាដា​ ​ដាណឺម៉ាក បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ជប៉ុន ហូឡង់​ កូរ៉េ​ខាង​ត្បូង អេស៉្បាញ ស៊ុយអែត និង​អង់គ្លេស ។ ​សហរដ្ឋ​អាមេរិក​ មិន​ត្រូវ​បានបញ្ជូល​ក្នុង​ការ​ស្ទង់​មតិ​នោះ​ទេ ៕

ប្រែសម្រួល៖ សារិទ្ធិ (យុទ្ធ)