ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់​ត្រូវបាន​ក្រុមការងារ​បច្ចេកទេស​សាងសង់​ចុះ​ធ្វើការ​ពិនិត្យ​ទីតាំង​ឈានដល់​ការសាងសង់​ខាងមុខ​ឆាប់​នេះហើយ​

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០​នេះ ក្រុមការងារ​បច្ចេកទេស របស់​ក្រុមហ៊ុន​ស្ពេ​កមេ​ឌៀ (SPACE MEDIA) មួយក្រុម​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​សិក្សា​ដោយផ្ទាល់ លើ​ទីតាំង​គ្រោង​និង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​សារៈមន្ទីរ​ខេត្តពោធិ៍សាត់ ដែល​នឹង​ឈានទៅដល់​ការស្ថាបនា ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះហើយ​។ នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ លោក ឃុ​ត​ឧុ​សភា បានឱ្យដឹងថា ក្រោម​ការចង្អុលបង្ហាញ​ពី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ​ធនិន បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស របស់​ក្រុមហ៊ុន​ស្ពេ​កមេ​ឌៀ (SPACE MEDIA) មួយក្រុម​ចុះ​ធ្វើការ​សហការ​ជាមួយ​រដ្ឋបាលខេត្ត ដើម្បី​ចុះ​ពិនិត្យ និង​សិក្សា​ជាក់លាក់ លើ​ទីតាំង​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មុនគេ​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​សោ​ភណ្ឌ​ភាព និង​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស ។

​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិសាត់​បានអោយ​ដឹង​ទៀតថា ស្ពាន​អាកាស​ថ្មើរជើង ថ្មីស្រឡាង​មួយ​នេះ នឹងត្រូវ​ធ្វើការ​សាងសង់​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ ស្រប​ពេលដែល​ច្រាំង​ស្ទឹង និង​សួនច្បារ ១៤​មករា តាម​មាត់​ស្ទឹង​ត្រូវបាន​នឹង​កំពុង​ស្ថាបនា​ជិត​រួចរាល់​ហើយ​។ ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយ​នេះ នឹង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​លើកកម្ពស់​សោភ័ណភាព និង​មុខមាត់​ថ្នី​របស់​ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះ​ក៏បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ​ម្តងៗ​ផងដែរ ។​

​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិសាត់​បានអោយ​ដឹង​បន្ថែមទៀតថា ខេត្ត​ក៏មាន​គម្រោង​កែលម្អ​សោភ័ណភាព​ក្រុង ឱ្យមាន​លក្ខណៈ​ទាក់ទាញ និង​ស្រស់បំព្រង តាមរយៈ​ការដាក់​ភ្លើង​បំភ្លឺ​តាមផ្លូវ​សំខាន់ៗ តាម​ទីសាធារណៈ​ក្នុង​ក្រុង​ពោធិ៍សាត់ ព្រមទាំង​មាន​គម្រោង​បន្ថែម ជុំវិញ​ការដាំ​ដើមឈើ នៅ​អម​សង្ខាង​ផ្លូវ​វៀង​ក្រុង​ផងដែរ​។ សូមបញ្ជាក់​ផងដែរ​ថា ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មះ​យ​នេះ ត្រូវបាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ ពិនិត្យ និង​អនុម័ត​ស្ថាបនា ក្នុង​កិច្ចប្រជុំ​លើក​ទី​១២ ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ នៅ​វេទិកា​សាលាខេត្ត​ពោធិ៍សាត់ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​បរិស្ថាន​ល្អ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​មួយ​នេះ​ផងដែ​ត​៕ ដោយ​៖ សុ​ក្ខា​រិ​ន​