ជប៉ុនបញ្ចេញ​ទូរសព្ទឆ្លាតប្រើកាមេរ៉ាបង្កប់ក្រោមអេក្រង់ ឈីប Snapdragon 765G និងគាំទ្រ 5G

ក្រុមហ៊ុន Rakuten ដែឡជាក្រុមហ៊ុន​អេឡិកត្រូនិកមួយ​របស់ប្រទេសជប៉ុនបានប្រកាសចេញទូរសព្ទឆ្លាតស៊េរីថ្មីនេះ មានឈ្មោះជាផ្លូវការហៅថា Rakuten BIG ជាទូរសព្ទប្រភេទ 5G ដែលស្ថិតក្នុងលំដាប់បង្គួរមួយ មានរូបរាងសាមញ្ញ ជាមួយម៉ូតកាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងជាពិសេសនោះ អេក្រង់របស់វាមានលក្ខណៈលាតពេញងាយស្រួលដល់​ការមើល​ មិនរំខានដូចឆករបស់ទូរសព្ទផ្សេង។

ដើម្បីអាច​ប្រើ​ប្រាស់​កាមេរ៉ា​ក្រោយ​អេក្រង់​បាន Rakuten BIG បាន​ប្រើ​ប្រាស់​អេក្រង់ប្រភេទ OLED ដែលមានសមត្ថភាពអាចបង្ហាញរូបភាពបានពេញលេញ ក្នុងទំហំធំដល់ 6.9 អ៊ីញ និងផ្តល់កម្រិតបង្ហាញបាន Full HD+។ ត្រង់កាមេរ៉ាមុខ ដែលបង្កប់ក្រោមអេក្រង់នេះ មានទំហំ 32MP នឹងអាចផ្តិតយករូបភាពបានច្បាស់ ហើយវាក៏អាចស្កេនស្នាមម្រាមដៃក្រោមអេក្រង់បានទៀត ខណៈកាមេរ៉ាក្រោយ 4 គ្រាប់វិញ បំពាក់លេនគោលទំហំ 64MP, លេនទូលាយ Ultra-Wide ទំហំ 8MP, លេន Macro 2MP និងចុងក្រោយជា Depth Sensor មានទំហំ 2MP។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន ទូរសព្ទ Rakuten BIG បានប្រើប្រាស់បន្ទះឈីប Snapdragon 765G អាចគាំទ្រ 5G គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB បូករួមថាមពលថ្មទំហំ 4,000mAh ប៉ុន្តែ មិនគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿននោះទេ។ ក្រៅពីនេះ វាអាចគាំទ្រមុខងារ NFC, ប្រើ USB Type C, អាចបន្ថែម SD Card ពីក្រៅបាន មានរន្ធដោតកាស 3.5mm និងភ្ជាប់មកជាមួយអាវក្រោះការពារទឹកកម្រិត IP68 ផងដែរ។

ដោយ៖ Vireak

ប្រភព៖​ Japan.topnews