រដ្ឋបាល​លោក Trump កាត់បន្ថយការ​ទទួល​យកជនភៀសខ្លួន ​តែ​ ១៥.០០០​ នាក់​ប៉ុណ្ណោះ ​ក្នុង​ឆ្នាំ ​២០២១

(អន្តរជាតិ)៖ រដ្ឋបាល​លោក​ប្រធានាធិបតី​ Donald Trump បាន​ឲ្យដឹង​​ថា ខ្លួន​ចង់​កាត់​បន្ថយ​ចំនួន​ជនភៀស​ខ្លួន ចូល​មករស់នៅក្នុង​សហរដ្ឋ​អាមេរិក ​ឲ្យ​មក​នៅ​ត្រឹម ​១៥.០០០ នាក់​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២១ ដែល​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១ ខែ​តុលា​តទៅ ។ នេះ​ជា​តួលេខ​ចុង​ក្រោយ​បង្អស់​នៃ​ការ​កាត់​បន្ថយ​ប្រចាំឆ្នាំ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Donald Trump ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០១៧​ មក ។

ក្នុងឆ្នាំ​ ២០២០ រដ្ឋបាល​លោក Trump បាន​ដាក់​កំហិត​ទទួល​ជនភៀសខ្លួន​ មិន​ឲ្យ​លើស​ពីចំនួន​ ១៨.០០០ នាក់ឡើយ ហើយ​សហរដ្ឋ​អាមេរិកបាន​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ ១០.៨៩២​ នាក់ ​ចូល​ប្រទេស មុន​នឹង​ផ្អាក​កម្មវិធី​នេះ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ។ នេះ​ជា​ចំនួន​តិច​បំផុត ​ចាប់​តាំង​ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័តកម្មវិធី​ទទួល​ជនភៀសខ្លួន​ កាល​ពីឆ្នាំ​ ១៩៨០ ។

នៅ​ក្រោម​រដ្ឋបាល​លោក អូបាម៉ា សហរដ្ឋ​អាមេរិក​ទទួល​ជន​ភៀសខ្លួន ចន្លោះពី ៧០.០០០ ដល់ ៨៥.០០០​ នាក់ ក្នុង​មួយឆ្នាំ ។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ឲ្យដឹង​ថា ​សំណើ​របស់​លោក Trump សម្រាប់​ឆ្នាំ​ ២០២១ «បានបញ្ជាក់​ឡើងវិញ​នូវ​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួយដល់​អ្នក​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក ស្របពេល​ដែល​យើង​បំពេញ​តួនាទី​ទី១ ​របស់​យើង ​គឺ​ដើម្បី​ការពារ និងបម្រើ​ពលរដ្ឋ​អាមេរិកាំង‍» ។

អ្នកស្រី Krish Vignarajah ប្រធាន​អង្គការ Lutheran Immigration and Refugee Service ដែល​ជា​អង្គការ​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ដើម្បីសម្របសម្រួល​កិច្ចការ​ជួយ​ជន​ភៀស​ខ្លួនតាំងទី​លំនៅជា​ថ្មី​ នៅ​សហរដ្ឋ​អាមេរិក បាននិយាយ​ថា ការ​សម្រេចបន្ថយ​ចំនួន​ជន​ភៀសខ្លួន​ដែល​សហរដ្ឋ​អាមេរិក​ទទួល​យក «ជា​ការ​បំពេញ​នូវ​ករណីកិច្ច​ខាង​សីលធម៌​របស់​យើង និង​និមិត្តរូប​ដែល​ប្រជាជាតិជា​តំណាង» ៕ ដោយ៖ សារីទ្ធ(Micheal)