ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជសារ អំពាវនាវដល់ជនរួមជាតិគ្រប់រូប ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាព ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩

(ភ្នំពេញ)៖ យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី០៥ នីតិកាលទី០៦ ដែលទីភ្នាក់ងារសារព័ត៌មាន SKY BROTHER MEDIA ទទួលបាននាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថា សូមជនរួមជាតិគ្រប់រូបប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាព ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារថា ៖ “ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាត កូវីដ-១៩ គួរឱ្យព្រួយបារម្ភ ដែលមិនមានសញ្ញាណថមថយនៅឡើយ ខ្ញុំសូមឱ្យជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើង ចៀសវាងឱ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍”។

ព្រះរាជសារ ក៏បានបញ្ជាក់ពីសេចក្តីសោមនស្សរីករាយ របស់ ព្រះករុណាព្រះមហាក្សត្រ ក្នុងការចូលរួមអបអរសាទរ ពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ និងបន្ថែមថា សេចក្តីថ្លែងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាដែលបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាព នៃការអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឱ្យកត់សម្គាល់ ដោយបានបង្កើតឱ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្តល់ជូនប្រជាពលរដ្ឋ នូវអត្ថប្រយោជន៍ប្រកបដោយភាពសមធម៌ និងប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្ត១១៧រូប ក្នុងនោះមានរបៀបវារៈចំនួន១១ ត្រូវពិនិត្យ ពិភាក្សា និងអនុម័ត៕ ដោយ​៖ Micheal