ល្បីថាសណ្ឋាគារមួយនៅផ្សារប្រាទូណាម ប្រទេសថៃ ធ្វើឲ្យភ្ញៀវរាងចាលលែងហ៊ានទៅស្នាក់

ថៃ៖ ប្រាទូណាម គឺជាឈ្មោះផ្សារដ៏សំខាន់មួយក្នុងទីក្រុងបាងកក ដោយផ្សារនេះត្រូវបានគេស្គាល់ថា ជាផ្សារបោះដុំសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបន្លាស់ផ្សេងៗ។ ដូច្នេះហើយទើបគេឃើញមានមនុស្សម្នាជាច្រើន មានទាំងប្រជាជនថៃ និងភ្ញៀវទេសចរណ៍បរទេសជាពិសេសជនជាតិខ្មែរ និងចិន បានទៅកកកុញនៅទីនោះដើម្បីទិញទំនិញជាច្រើនមុខដែលមានតម្លៃសមរម្យ។

ដោយសារតែផ្សារប្រាទូណាម ជាផ្សារមួយដែលប្រមូលផ្ដុំមនុស្សចម្រុះសាសន៍មកកម្សាន្ត និងទិញទំនិញ ដូច្នេះហើយទើបនៅទីនោះមានសណ្ឋាគារជាច្រើនជាប់គ្នារដឹក មានតូច មានធំ និងមានតម្លៃខុសៗគ្នា សម្រាប់ជាជម្រើសរបស់ភ្ញៀវ។
ជាមួយគ្នានេះដែរ ក្នុងចំណោមសណ្ឋាគារតូច ធំ ទាំងអស់ នៅក្នុងបរិវេណ ផ្សារប្រាទូណាម មានសណ្ឋាគារមួយឈ្មោះ «Metro Resort Pratunam» ត្រូវបានភ្ញៀវទេសចរណ៍បរទេសភាគច្រើន បង្ហាញបទពិសោធន៍របស់ពួកគេនៅលើគេហទំព័រ Tripadvisor ថា ជាសណ្ឋាគារដែលគួរឲ្យខ្លាចបំផុត ហើយសង្ស័យថាអាចមានវិញ្ញាណខ្មោចនៅប្រចាំការផងដែរ។
កាលពីឆ្នាំ ២០១៦ អ្នកសរសេរអត្ថបទនៅគេហទំព័រ metropolitant ឈ្មោះលោក Wilsurn បានទៅកម្សាន្តនៅទីក្រុងបាងកក ហើយក៏បានជ្រើសរើសសណ្ឋាគារ «Metro Resort Pratunam» ស្នាក់នៅរយៈពេលបួនយប់។

លោក Wilsurn បានចែករំលែកបទពិសោធន៍របស់លោក នាអំឡុងស្នាក់នៅសណ្ឋាគារនោះថា បន្ទាប់ពីបានឆែកមើលឃើញសណ្ឋាគារ «Metro Resort Pratunam» នៅលើវេបសាយហើយនោះ លោក និងមិត្តភក្ដិ ក៏សម្រេចចិត្តកប់បន្ទប់ស្នាក់នៅរយៈពេលបួនយប់ ។ ពេលទៅឆែកបន្ទប់ជាក់ស្ដែងលោកហាក់ដូចជាមានអារម្មណ៍ប្លែក ព្រោះតែសណ្ឋាគារនេះមានភាពស្ងាត់ជ្រងំ និងមិនមានសោភ័ណ្ឌភាពដូចរូបថតដែលផ្សព្វផ្សាយលើគេហទំព័រឡើយ។

បន្ទប់ដែលលោកស្នាក់នៅជាបន្ទប់លេខ ៤២៤ ស្ថិតនៅជាន់ទីបួន ហើយគ្រាន់តែដើរចេញពីជណ្ដើរយន្តជាន់ទីបួនភ្លាម លោកកាន់តែមានអារម្មណ៍មិនស្រួលថែមទៀត ព្រោះតែជាន់ទីបួននោះហាក់ដូចជាគ្មានភ្ញៀវណាម្នាក់ស្នាក់នៅឡើយ គ្រប់វាំងននសុទ្ធប្រើពណ៌ត្នោត ហើយផ្លូវដើរទៅរកបន្ទប់ក៏ងងឹតឈឹង តើគេសន្សំសំច័យភ្លើងឬ? (លោក Wilsurn ឆ្ងល់)។
លោក Wilsurn និយាយទៀតថា ពេលទៅដល់បន្ទប់ លោកប្រឹងបើកទ្វារតែទ្វារបន្ទប់នោះពិបាកបើកខ្លាំងណាស់ ហាក់ដូចជាមាននរណាម្នាក់នៅក្នុងនោះហើយប្រឹងខ្ទប់ទ្វារមិនឲ្យចូលយ៉ាងដូច្នេះដែរ តែជាក់ស្ដែងពេលបើកហើយមិនមាននរណាម្នាក់នៅក្នុងនោះទេ ផ្ទុយទៅវិញបន្ទប់ទាំងមូល ដូចជាមិនធ្លាប់មានភ្ញៀវចូលស្នាក់នៅអស់រយៈពេលជាយូរណាស់មកហើយ ព្រោះតែគ្រប់កន្លែងទាំងអស់សុទ្ធតែអនាម័យបានស្អាត គួរឲ្យសរសើរ។

ក្រោយមក បន្ទាប់ពីប្ដូរសម្លៀកបំពាក់ រួចរាល់ហើយលោក Wilsurn បានថតស៊ែលហ្វីមួយប៉ុស្ដិ៍ តែមិនដឹងមានបញ្ហាអ្វីទេ រូបថតចេញមកស្រអាប់ខ្លាំងដូចជាមានអ្វីមកបាំងកាមេរ៉ាទូរស័ព្ទរបស់លោក ដូច្នេះហើយទើបលោកសម្រេចចិត្តបិទទូរស័ព្ទ ហើយបើកវិញ ។ តែក្រោយពីបិទទូរស័ព្ទ លោកក៏អាចថតរូបបានធម្មតាវិញ។

បន្ទាប់មកទៀតលោក Wilsurn និងមិត្តភក្ដិក៏បានចុះទៅដើរលេងនៅផ្សារប្រាទូណាម ហើយក៏បើករូបថតដែលលោកថតចុងក្រោយក្នុងបន្ទប់សណ្ឋាគារនោះមើលម្ដងទៀត តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត រហូតធ្វើឲ្យលោក និងមិត្តភក្ដិ បានសម្រេចចិត្តឈប់ស្នាក់នៅសណ្ឋាគារនោះ ព្រោះតែលោកបានឃើញផ្សែងអ័ព្ទនៅក្នុងរូបថតរបស់លោក ដែលផ្សែងនោះប្រៀបបាននឹងផ្សែងភ្លើងកំពុងឆេះយ៉ាងដូច្នេះដែរ។

ក្រៅពីនេះ មិត្តភក្ដិរបស់លោក Wilsurn ក៏បានថតជាប់ស្រមោលអ្វីមួយនៅលើជញ្ជាំង ដែលវាមើលទៅដូចជាជើងមនុស្សអ៉ីចឹង។
ងាកទៅមើលបទពិសោធន៍ផ្សេងមួយទៀតនៅលើគេហទំព័រ tripadvisor ដដែល ដែលសរសេរដោយម្ចាស់គណនី tripadvisor ឈ្មោះ Anastasia T បានឲ្យដឹងថា សណ្ឋាគារ «Metro Resort Pratunam» មានអារម្មណ៍គួរឲ្យខ្លាចខ្លាំងណាស់ តាំងពីពេលស្នាក់នៅដំបូង ហើយនាងក៏បានយកពាក្យនេះទៅនិយាយជាមួយមិត្តភក្ដិរបស់នាង។ ចុងក្រោយអ្វីដែលនាងមានអារម្មណ៍ភ្ញាក់ផ្អើលនោះ គឺមគ្គុទេសទេសចរណ៍របស់នាង បាននិយាយថា តាមពិតសណ្ឋាគារនេះធ្លាប់មានមនុស្សពីរនាក់ស្លាប់ នៅជាន់ខាងលើ។

សូមបញ្ជាក់ថា ខាងលើនេះ គ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរណ៍ដែលបានចូលទៅស្នាក់នៅប៉ុណ្ណោះ ហើយមិនមានព័ត៌មានណាមួយអះអាងច្បាស់ថា សណ្ឋាគារ «Metro Resort Pratunam» មានខ្មោចលងឡើយ៕ ដោយ៖ KS