សិក្ខាកាម ៣២នាក់ មកពី២៤ខេត្ត-ក្រុង ចូលរៀនវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គ កម្រិតជាតិ

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ បានបើកជាផ្លូវការហើយក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាតំណាងលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុក ចត្រង្គកម្ពុជា។

លោក សារី វាសនា អ្នកសម្របសម្រួលវគ្គបាននិយាយថា យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងដោយបានទទួល ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ ដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា និងកំពុងប្រារពពិធី “បើកៗ ក្នុងពេលនេះ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺប្រើប្រាសថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ និងដឹកនាំបង្ហាត់ដោយលោក ហូយ សូណា ជាគ្រូឧទ្ទេស និងលោក យិន គាសេង ជាគ្រូជំនួយ លោក សារី វាសនា ជាអ្នកសម្របសម្រួល និងលោក ទុយ វិច្ឆិកា ជាអ្នកគ្រប់គ្រង។ សិក្ខាកាមចូលរួមមានចំនួន ៣២នាក់មកពីក្លិបតាមបណ្តាលខេត្តមួយចំនួន និងរាជធានីភ្នំពេញ។

កម្មវិធីសិក្សាវគ្គបណ្តុះបណ្តាលរយៈពេល០៥ថ្ងៃរួមមាន៖ សិក្សាអំពីបុគ្គលលក្ខណៈជាគ្រូបង្វឹក លក្ខខណ្ឌនៃការលេងអុក៣-ក្បួន និងយុទ្ធសាស្រ្តនៃការលេងអុក បទពិសោធន៍នៃការលេងអុក ការគ្រប់គ្រង និងការចល័តកូនអុក វិន័យ និងការទទួលខុសត្រូវរបស់គ្រូ គរុកោសល្យរបស់គ្រូ ការស្រាវជ្រាវ និងការអភិវឌ្ឍ ការលើកទឹកចិត្ត និងផែនការបង្រៀន និងការពិនិត្យតាមដាន។

លោក បឹង គឹមតោបានថ្លែថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ មានសារសំខាន់សម្រាប់សហព័ន្ធក្នុងការបង្កើតធនធានមនុស្សនាពេលអនាគត ដើម្បីជួយជំរុញការអភិវឌ្ឍកីឡាករ-កីឡាការិនី គ្រូបង្វឹកនៅតាមបណ្តាលក្លិបកីឡាអុកចត្រង្គទូទំាងប្រទេស និងជោគជ័យក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា ហើយក្លាយ ជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និង កីឡា។

លោកបានបន្តថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិន ប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ សម្តេច បានចាត់ទុកថាការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍ សង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”។

ក្រសួងបានធ្វើកំណែទម្រង់ការងារអប់រំកាយ និងកីឡា ដោយបានអនុម័តគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា។ វិស័យកីឡា ត្រូវបានប្រែក្លាយទៅជាវិស័យឈាន មុខ និងទទួលការសាទរពីមហាជន ដោយសារកំណែទម្រង់វិស័យកីឡា ការសហការជាមួយគណៈ កម្មការអូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាដទៃទៀត និង បានផ្ទេរថវិកាដល់សហព័ន្ធកីឡាជាតិ៕ ដោយ៖ កូនដូច(សម្រួលផ្សាយដោយ៖ Micheal)