មហាសេដ្ឋី​វ័យក្មេង​ថៃ ​ប្រឆាំង​របប​យោធា​ជាប់​ចោទ​បង្កចលាចល

ប្រទេស​ថៃ ៖ មហាសេដ្ឋី​វ័យក្មេង​ជា​មេដឹកនាំ​គណបក្សប្រឆាំង​មួយ ចំពោះ​របប​យោធា​ថៃ​ដែល​កាន់​អំណាច រួច​ទទួល​បាន​សំឡេង​ច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ​កាលពី​ថ្ងៃ​ទី​២៤ ​មីនា ហើយ​កាលពី​ថ្ងៃ​ទី​៦ ​មេ​សា ​ត្រូវ​ជាប់​ការ​ចោទប្រកាន់​ពី​បទ​បង្កចលាចល​។ ការ​សម្រេច​នោះ​នាំ​ឲ្យ​ពួក​អ្នកគាំទ្រ​លោក​ច្រើន​រយ​នាក់​ធ្វើ​បាតុកម្ម​តវ៉ា​។

មហាសេដ្ឋី​វ័យក្មេង​រូប​នេះ​លោក​THANATHORN JUANGROONGRUANGKIT បាន​បង្កើត​និង​ដឹកនាំ​គណបក្ស​មួយ​ឈ្មោះ​គណបក្ស FUTURE FORWARD ជា​គណបក្ស​ផ្ដោត​លើ​ពួក​យុវជន ហើយ​ក្នុង​ការ​បោះ​ឆ្នោត​ទទួល​សំឡេង​បាន​ដល់​ទៅ​ជាង​៦​លាន​។ គណបក្ស​នេះ​មាន​គម្រោង​បណ្ដេញ​ពួក​យោធា​ចេញពី​អំណាច​។

លោក​THANATHORN JUANGROONGRUANGKIT បាន​ចូលរួម​បង្កើត​ក្រុមចម្រុះ​មួយ ជា​មួយ​គណបក្សប្រឆាំង​៦​ទៀត ដែល​ទាមទារ​សិទ្ធិ​បង្កើត​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នា​ត​សភា ដែល​លទ្ធ​ផល​ជា​ស្ថា​ព័រ​រង់ចាំ​ចេញ រហូត​ដល់​ថ្ងៃ​ទី​៩​ឧសភា​ខាង​មុខ​នេះ​។

លោក​ត្រូវ​ប៉ូលិស​ឲ្យ​ចូលខ្លួន​កាលពី​ថ្ងៃ​ទី​៦​មេ​សា ពី​បទ​បង្កចលាចល មេដឹកនាំ​គណបក្ស​រូប​នោះ បាន​បរិហារ​ការ​ចោទប្រកាន់​បែប​នេះ​ប្រឆាំង រូប​លោក​ថា មាន​គោលដៅ​នយោបាយ​ដោយ​ផ្អែក​លើ បាតុកម្ម​មួយ​ប្រឆាំង​របប​យោធា​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ អ្នកគាំទ្រ​សេដ្ឋី​វ័យក្មេង​រូប​នេះ​ជា​ច្រើន​រយ​នាក់ នា​ថ្ងៃ​ទី​៦​មេ​សាបាន លើកគ្នា​ធ្វើ​បាតុកម្ម នៅ​មុខ​ស្នងការដ្ឋាន​ប៉ូលិស នៅ​PATHUMWAN នា​កណ្ដាល​ក្រុង​បាងកក ដោយ​នាំ​គ្នា​ពាក់​អាវយឺត​មាន​រូប​លោក ហើយ​ស្រែក​ពាក្យ​ថា លោក JUANGROONGRUANGKIT​ស៊ូ​!​ស៊ូ​!​។ នៅ​លើ​ប៉ង់​កាត​ពួក​បាតុករ​សរសេរ​ថា ពួក​យោធា​ចាញ់​។

បណ្ដា​សមាជិក​គណបក្ស​លោក បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​នូវ​រូបថត​នានា ដែល​បង្ហាញ​ពី​លោក​JUANGROONGRUANGKIT​ប្រឆាំង ចំពោះ​ការ​ផ្ដិត​មេដៃ​លើ​ឯកសារ​ចោទប្រកាន់ ចំណែក​តំណាង​បណ្ដា​ស្ថា​ត​ទូត​បរទេស និង​តំណាង​អ​.​ស​.​ប បាន​តាមដាន​នីតិវិធី​ចោទប្រកាន់​នោះ​។ លោក​ចាក​ចេញពី​ស្នងការដ្ឋាន​ប៉ូលិស​២​ម៉ោង​ក្រោយមក ដោយ​អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា លោក​ត្រូវ​គេ​ចោទ​ប្រកាន់​ជា​ពិសេស ពី​បទ​អុជអាល​ឲ្យ​មាន​ចលាចល​និង​ប្រមូលផ្ដុំ​មនុស្ស​ដោយ​ខុសច្បាប់ លើស​ពី​១០​នាក់​កាលពី​ឆ្នាំ​២០១៥ ជា​ការ​ចោទប្រកាន់​ដែល​លោក​បដិសេធ និង​ថា​លោក​ជា​មនុស្ស​ស្លូតត្រង់​។
យោង​តាម​មេធាវី​មួយ​រូប​លោក​KRISADANG NUTCHARUT​ថា មេដឹកនាំ​ប្រឆាំង​រូប​នោះ​នឹង​ត្រូវ​ឡើង​តុលាការយោធា​មួយ ហើយ​លោក​ថា​យើង​ពុំ​យល់​ស្រប​តាម​ឡើយ ព្រោះ​បណ្ដាជន​សី​ុ​វិល​មិន​ត្រូវ​ឡើង​តុលាការយោធា​ទេ​។ លោក​បញ្ជាក់​ថា​មេដឹកនាំ​ប្រឆាំង​រូប​នេះ អាច​មានទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ​។ ម្យ៉ាងទៀត​លោក​THANATHORN JUANGROONGRUANGKIT អាច​បាត់បង់​កៅអី​សភា ក្នុង​ករណី​លោក​ត្រូវ​គេ​កាត់ទោស​។

មេដឹកនាំ​ប្រឆាំង​វ័យក្មេង​រូប​នោះ​ធ្លាប់​រង​ការ​ស៊ើប​អង្កេត​មួយ​រួច​ហើយ លើ​បទឧក្រិដ្ឋ​ខាង​ព័ត៌មានវិទ្យា ដោយ​ចេញផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នានា ខណៈ​លោក​រិះគន់​របប​យោធា ក្នុង​ការ​ពិភាក្សា​មួយ​តាម FACEBOOK​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំទៅ​មិ​ញ​។

តំណាង​មួយ​រូប​របស់​អង្គការសិទ្ធិមនុស្ស HUMAN RIGHTHS WATCH លោក​ស៊ូ​ណៃ​ផា​ស៊ុ​ក​វាយ​តម្លៃ​ថា ជំហរ​នយោបាយ​របស់​គណបក្ស FUTURE FORWARD​បាន​ប្រែក្លាយ​លោក​THANATHORN JUANGROONGRUANGKIT​ទៅ​ជាស​ត្រូវ​របស់​របប​យោធា ហើយ​បាន​បរិហារ​ការ​ចោទប្រកាន់​ប្រឆាំង​រូប​លោក​ថា សុទ្ធ​ជា​ការ​ប្រឌិត​គ្រប់​បែប​យ៉ាង​។

២​ស​ប្ដា​ហ៍​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នៅ​ពុំ​ទាន់​មាន​លទ្ធផល​ពេញលេញ​ណាមួយ​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ ដែល​បែប​នេះ​នាំ​ឲ្យ​ពួក​ប្រឆាំង​មានការ​ខកចិត្ត​។ ជា​តួលេខ​គណបក្ស​របស់​ពួក​យោធា គឺ​គណបក្ស​PALANG PRACHARAT​ទទួល​បាន​សំឡេង​ច្រើន ប៉ុន្តែ​គណបក្សប្រឆាំង​សំខាន់​ទាក់ទិន​នឹង​អតីត​នាយក​រដ្ឋមន្ត្រី លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​ត្រា ទទួល​បាន​កៅអី​ច្រើន​ក្នុង​សភា​៕